សាលារៀនប្រមាណ ៦០ភាគរយក្នុងខេត្តសៀមរាបគ្រោងនឹងបើកដំណើការឡើងវិញក្នុងពេលឆាប់ៗនេះ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 2 ខែ កញ្ញា ឆ្នាំ 2021 150 សៀមរាប៖ គ្រឹះស្ថានសិក្សាសាធារណៈប្រមាណ៦០ភាគរយ និងសាលារៀនឯកជនជិត១០០ ភាគរយក្នុងខេត្ត សៀមរាប នឹងត្រូវអនុញ្ញាតឱ្យបើកដំណើការឡើងវិញ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីពិនិត្យឃើញថា តំបន់ទាំងនោះមានហានិភ័យទាប ពីការឆ្លងរីករាលជំងឺកូវីដ១៩។ លោកលី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះថា អនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា មន្ទីរអបរំយុវជន និងកីឡាខេត្តសៀមរាប គ្រោងនឹងអនុញ្ញាតឱ្យបើកដំណើការឡើងវិញ គ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិត ប្រមាណ៦០ភាគរយនៃសាលារៀនសរុប និងគ្រឹះស្ថានសិក្សា ឯកជនប្រមាណជិត១០០ភាគ ដំណើការឡើងវិញក្នុងពេលឆាប់ខាងមុខនេះ។ លោកបន្តថា គម្រោងបើកឱ្យដំណើរការគ្រឹះស្ថានសិក្សានេះ ត្រូវអនុវត្តនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តសៀមរាប ចំពោះតែទីតាំងគ្រឹះស្ថានសិក្សាណា ដែលមានហានិភ័យទាប មានការពិនិត្យវាយតម្លៃពីស្ថានភាពជាក់ស្តែង របស់គណៈកម្មការសាលា ដែលមានអាជ្ញាធរដែនដី មាតាបិតាសិស្ស និងអ្នកពាក់ព័ន្ធប៉ុណ្ណោះ។ បន្ថែមពីនេះ សាលារៀនទាំងអស់ ត្រូវអនុវត្តតាមវិធានការសុខាភិបាល ដូចជា រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល ឱ្យបានញឹកញាប់ និងការចូលរួមសម្អាតបរិស្ថានឱ្យបានត្រឹមត្រូវ។ លោកប្រធានមន្ទីរអប់រំយុវជនិងកីឡា ខេត្តសៀមរាប ក៏បានសំណូមពរដល់អាណាព្យាបាល មាតាបិតាសិស្ស សូមចូលរួមសហការជាមួយសាលារៀន ដើម្បីឱ្យដំណើរការទៅសាលារៀនរបស់កូនមានភាពល្អប្រសើរ និងត្រូវចូលរួមជាមួយ លោកគ្រូ អ្នកគ្រូ ដូចជាពិនិត្យតាមដាន និងជំរុញការសិក្សារបស់កូនៗជាដើម។ ខេត្តសៀមរាបយើងក៏គ្រោងដែរ គ្រោងប្រមាណជា៦០ភាគរយអាចដំណើការ ឡើងវិញបាន រៀនតាមបណ្តុំ តាមថ្នាក់តាមស្ថានភាពជាក់ស្តែង ការមិនអាចដំណើការក្នុងក្រុងក៏មាន តាមតំបន់ជនបទក៏មានដែរ ទី១តំបន់ដែលមិនមានការឆ្លងច្រើន ហានិភ័យទាប នៅពេលយើងអនុវត្តរៀបចំផែនការជាក់លាក់ រៀបចំឱ្យមានគណៈកម្មការគ្រប់គ្រងសាលារៀន មានអាជ្ញាធរដែនដី មាតាបិតានិងអ្នកពាក់ព័ន្ធ ដើម្បីចូលរួមដឹងឮ ក្នុងការពិនិត្យលទ្ធភាពដំណើការនេះ ហើយយើងគោរពតាមស្តង់ដារសាលារៀន ដែលក្រសួងបានរៀបចំ មានគម្លាតសុវត្ថិភាព ការអនុវត្តន៍ អនាម័យ ការចូលរួមសម្អាតនៅតាមគ្រឹះស្ថានសិក្សាជាដើម គ្រប់កម្រិតទាំងមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា តែតាមការស្ទាបស្ទង់ទៅមត្តេយ្យសិក្សា ឃើញតែស្រុកស្រីស្នំមួយទេដែលអាចស្នើសុំដំណើការ, ស្រុកផ្សេងៗមិនទាន់ឃើញទេ អាចពិនិត្យលទ្ធភាពបន្តទៀត។ លោកប្រធានមន្ទីរបញ្ជាក់ថានៅខេត្តសៀមរាបមានសាលារៀនសាធារណៈចំនួនប្រមាណជាង៦០០សាលា រួមមាន៖ មត្តេយ្យសិក្សាចំនួន១៩សាលា បឋមសិក្សា៥០៧សាលា អនុវិទ្យាល័យ៨២សាលា និងវិទ្យាល័យចំនួន៤១សាលា ព្រមទាំងគ្រឹះស្ថានសិក្សាឯកជនចំនួនប្រមាណ៦០សាលារៀន។ សូមជម្រាបផងដែរថា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន ឱ្យជួបពិភាក្សាជា មួយអភិបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីដំណើរការបើកសាលារៀនឡើងវិញ គ្រប់កម្រិត នៅតាមតំបន់ដែលគ្មានការឆ្លង ឬតំបន់ដែលមានហានិភ័យទាបនៃជំងឺកូវីដ-១៩៕ 150 ចែករំលែក