រាជរដ្ឋាភិបាលបង្កើតជាសង្កាត់ ២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត សង្កាត់ចំនួន២បន្ថែមទៀតនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា ការបង្កើតសង្កាត់ថ្មីចំនួន២បន្ថែមទៀត នេះត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាអាណត្តិទី៥ ស្របតាមខ្លឹមសារមាត្រា ១៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
បើតាមអនុក្រឹត្យដដែលសង្កាត់ថ្មីទាំង២ដែលរាជរដ្ឋាភិបាលទើបប្រកាសបង្កើតឡើងនោះ ៖ ទី១-សង្កាត់អូរជ្រៅ ដោយកាត់ភូមិ ចំនួន៧ភូមិ ពីសង្កាត់ប៉ោយប៉ែត រួមមាន ៖ ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ។ ដោយបានកំណត់ទីតាំង សាលាសង្កាត់អូរជ្រៅ ស្ថិតក្នុងភូមិព្រៃព្រិច។
ទី២-សង្កាត់អូរឬស្សី កាត់ភូមិចំនួន៥ពីសង្កាត់ផ្សារកណ្តាល រួមមាន៖ ភូមិអូរឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគប់ ដោយកំណត់ទីតាំងសាលាសង្កាត់ អូរឬស្សី ស្ថិតក្នុងភូមិទួលពង្រ៕