រាជរដ្ឋាភិបាលណែនាំឱ្យគណ:អភិបាលរាជធានី-ខេត្តប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយចាត់ទុកជាការងារស្នូល អាទិភាពខ្ពស់បំផុតរបស់ខ្លួន
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យគណ:អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ នឹងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដោយចាត់ទុកជាការងារស្នូលមានអាទិភាពខ្ពស់បំផុតរបស់ខ្លួន សំដៅទប់ទល់នឹងការវាយលុកនៃមេរោគប្រភេទដែលតា (Delta) ក្នុងសហគមន៍ ។ យោងតាមសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តន៍យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការណែនាំគណៈអភិបាលរាជធានី-ខេត្តត្រូវប្រមូលផ្ដុំការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងលើការប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយចាត់ទុកជាការងារស្នូលមានអាទិភាពខ្ពស់បំផុតរបស់ខ្លួន ជាពិសេសត្រូវសម្រេចឲ្យបានឆាប់រហ័ស នូវការចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុងមូលដ្ឋានក្រោមសមត្ថកិច្ចរបស់ខ្លួន ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្ត្រគន្លឹះរបស់ រាជរដ្ឋាភិបាលក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ សេចក្តីណែនាំបានបន្ថែមថា គណៈអភិបាលរាជធានី-ខេត្ត ត្រូវរាយការណ៍ប្រចាំថ្ងៃ និងជាប់ជាប្រចាំអំពីវឌ្ឍនភាពនៃការគ្រប់គ្រង និង ការអនុវត្តន៍ការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងមូលដ្ឋាននៅក្រោមសមត្ថកិច្ចរបស់ខ្លួន ជូនគណៈកម្មការចំពោះកិច្ចចាក់សាំង ដើម្បី ជាមូលដ្ឋានក្នុងការតាមដាន និងត្រួតពិនិត្យការងារចាក់សាំងដោយប្រើប្រាស់គំរូតារាងព័ត៌មាន ដែលត្រូវបានរៀបចំដោយគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវី-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ សូមបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែសីហាឆ្នាំ២០២១ មាន ៩០,៩២% ធៀបជាមួយចំនួន ប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៤,៧៨% ធៀបជាមួយនឹងប្រជាជន គោលដៅ ១,៩៦៦,៩៣១ នាក់៕