ការចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើន ការចាក់ជូនកុមារនិងការចាក់ដូសទី៣ជូនមន្ត្រីជួរមុខបាន បង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់រាជ រដ្ឋាភិបាលចំពោះសុខទុក្ខប្រជាពលរដ្ឋ
ភ្នំពេញ ៖ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន និងការចាក់ដូសទី៣ជូនមន្ត្រីជួរមុខ និងកុមារ បានបង្ហាញពី កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខប្រជាពលរដ្ឋ ដើម្បីការពារសុខសុវត្ថិភាពនិងសុខភាពរបស់ ប្រជាពលរដ្ឋនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ដ៏កាចសាហាវ នេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញពីមោទនភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបាន យកចិត្តទុកដាក់ជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន និងកំពុងចាក់ដូសទី៣ជូនមន្ត្រីជួរមុខ និងចាក់វ៉ាក់សំាងដល់កុមារនិងយុវវ័យ ដើម្បីឈានទៅការបើកដំណើរការប្រក្រតីភាពសង្គមឡើងវិញ។
ថ្លែងក្នុងកម្មវិធីបិទសិក្ខាសាលា ស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ ដែលរៀបចំដោយសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងព័ត៌មានកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ទោះបីជាកម្ពុជាជាប្រទេសតូចតែបានចាក់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនរហូតដល់ជាប់ចំណាត់ថ្នាក់លេខ២ ដែល នេះបង្ហាញពីការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើក ឡើងទៀតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្រ្តដ៏ខ្លាំងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ។ ប៉ុន្តែទោះជាយ៉ាងណា ការបានចាក់វ៉ាក់សាំងរួចហើយ មិនមែនមានន័យថាត្រូវបញ្ឈប់ការអនុវត្តន៍វិធានការ ៣ការពារ៣កុំនោះទេ ពីព្រោះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ហើយវាជួយកាត់បន្ថយមិនឱ្យឈឺធ្ងន់ធ្ងរ ជួយកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងកាត់បន្ថយការស្លាប់។
សូមបញ្ជាក់ថា កំណើនអត្រា ចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មាន ៨៨,០១ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥៩,០១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕