ក្រុមហ៊ុន អ អិម អេ ខេមបូឌា រៀបចំ “ទិវាបៃតង” ដាំដើមឈើជាច្រើនរយដើម ក្នុងខេត្តតាកែវ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានប្រារព្ធពិធីដាំដើមឈើ ក្រោមពាក្យស្លោក “មនុស្សម្នាក់ ដើមឈើ១០ដើម” នៅតាមបណ្ដោយផ្លូវលំប្រវែង ០៦ គ.មសងខាងផ្លូវ ចាប់ពីផ្លូវជាតិលេខ២ត្រង់ផ្សារថ្នល់ទទឹង ទៅដល់ទីរួមស្រុកសំរោង ខេត្តតាកែវ។
ថ្លែងក្នុងឱកាសនេះ លោក ងន សាំង អគ្គនាយក្រុមហ៊ុន អ អិម អេ បានមានប្រសាសន៍ថា “ទិវាបៃតង” របស់ក្រុមហ៊ុនយើង ប្រារព្ធឡើងដើម្បីជួយបណ្តុះគំនិតស្រលាញ់ធម្មជាតិ ការថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិ និងការចូលរួមថែរក្សាបរិស្ថានឲ្យបានល្អ សម្រាប់ការរស់នៅប្រកបដោយផាសុខភាព និងសុខភាពល្អប្រសើរ។
លោកបានបញ្ជាក់ថា ដើមឈើដែលក្រុមហ៊ុនបានដាំក្នុងថ្ងៃនេះរួមមាន៖ ដើមក្ងោក ដើមលឿងរាជ មានដើមត្របែកព្រៃ និងដើមផ្កាច្រើនប្រភេទទៀត ហើយលោកសង្ឃឹមថា ដើមឈើទាំងនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើន ទាំងសោភ័ណភាពសម្រាប់លំអទីធ្លាសាធារណៈ និងការជួយលើកស្ទួយបរិស្ថានក្នុងសង្គមផងដែរ។
ជាក់ស្ដែងកន្លងមក ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមចំណែកក្នុងកិច្ចការសង្គមជាច្រើនផ្សេងទៀតរួមមាន៖ ការសាងសង់សាលារៀន-វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ដ ការដាំកូនឈើ ការជីកអណ្ដូងទឹក ការបរិច្ចាកឈាមជួយដល់កុមារ ការចែកធុងសម្រាម និងកិច្ចការសប្បុរសធម៌ជាច្រើនទៀត។
គួររំលឹកផងដែរថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) មានវត្តមានក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៩២ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវ៖ រថយន្តម៉ាកល្បីៗដូចជា FORD JAGUAR និង LAND ROVER, គ្រឿងចក្រកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រធុនធ្ងន់ម៉ាក JCB, ម៉ូតូកង់បីអ៊ីតាលីម៉ាក PIAGGIO ម្ហូបអាហារ និងសេវាកម្មផ្សេងៗមួយចំនួនទៀត។