សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១នេះ បានបញ្ជាឱ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស។ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ចុះប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ មានផ្លែមៀនឬ តាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង។ សូមបញ្ជាក់ថា ប្រជាកសិករមួយចំនួន បានត្អូញត្អែរអំពីការពិបាក នៅក្នុងការលក់កសិផលរបស់ខ្លួន ជាពិសេសផ្លែមៀន និងតាង៉ែនតែម្ដង ដែលដល់ពេលប្រមូលផលហើយ មិនអាចលក់ចេញបាន ដោយសារតែប្រទេសថៃ បានបិទមិនឲ្យនាំចូល ខណៈប្រទេសនេះ កំពុងរងការរាតត្បាត នៃជំងឺកូវីដ-១៩ និងរបាំងភូត គាមអនាម័យ។ លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍អ្នកដាំមៀនប៉ៃលិន បានថ្លែងថា «នេះជាដំណឹងរីករាយបំផុតសម្រាប់ខ្ញុំ ជាអ្នកប្រកបរបរដាំមៀនប៉ៃលិននេះ។ ការជួយអន្ដរគមន៍របស់សម្ដេចតេជោ ក្នុងគ្រានេះពិតជាធ្វើឲ្យខ្ញុំរំភើបមែនទែន ព្រោះបានជួយដល់អ្នកដាំមៀនប៉ៃលិនទាំងអស់ ដែលកំពុងជួបបញ្ហាក្នុងការនាំចេញ។ ចំណែករូបលោក គ្មានអ្វីក្រៅអំពីការថ្លែងអំណរគុណ និងសូមជូនពរសម្ដេចតេជោ ហ៊ុន សែន សូមជួបប្រទះតែសុខភាពល្អ បន្ដដឹកនាំប្រទេសកម្ពុជា ឱ្យកាន់តែឈានឆ្ពោះទៅរកភាពរីកចម្រើនបន្ដទៀត»។ អ្នកស្រី ជា លាភ អ្នកដាំមៀនប៉ៃលិន ក្នុងខេត្តប៉ៃលិន បានថ្លែងថា «ក្នុងនាមជាប្រជាពលរដ្ឋ ដែលប្រកបរបរដាំមានប៉ៃលិននេះ ខ្ញុំសប្បាយចិត្តមែនទែន ដែលទទួលបានដំណឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសជួយទិញមៀនប៉ៃលិន ពីប្រជាកសិករទាំងអស់ ខណៈដែលយើងកំពុងតែជួបបញ្ហាក្នុងការនាំចេញនេះ។ ខ្ញុំសូមជូនពរសម្ដេចតេជោ ឱ្យមានសុខភាពល្អរឹងមាំ បន្ដដឹកនាំប្រទេសទេស ទៅរកភាពរីកចម្រើនបន្ថែមទៀត»។ អ្នកស្រីបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន មិនដែលទុកកូនចៅ ដែលកំពុងជួបប្រទះការលំបាកចោលនោះឡើយ មិនថាមានបញ្ហាអ្វីក៏ដោយសម្ដេចតេជោ តែងតែជួយដល់កូនចៅគ្រប់ពេលវេលា។ សូមបញ្ជក់ផងដែរ ប្រជាកសិករដែលមាន ផល្លានុផល ផ្លែមៀន ឬតាង៉ែន សូមទាក់ទងមក ក្រុមការងាររបស់លោក ហ៊ីង ប៊ុនហៀង ចាប់ពីថ្ងៃទី ១៨ ខែសីហា ថ្ងៃនេះ។ ទីកន្លែងទទួលទិញ ក្នុងសាលាខេត្តបាត់ដំបង ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ទី១៖ លោក សេង ឌីលីន សមាជិកក្រុមលេខារបស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ 097 777 3737 ទី២៖ លោក ស៊ុន ម៉េងហៃ ទូរស័ព្ទលេខ៖ 088 903 7777 អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង