លោកប៉ូលិស អ៊ុន សំអាត ត្រូវបាន សម្ដេចក្រឡាហោម ស ខេង ដកហូតមុខតំណែងនិងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

កណ្តាល៖លោកអនុសេនីយ៍ឯក អ៊ុន សំអាន អត្តលេខ៦៥១៤៤ ជានាយរងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យ ដោយ «ដកហូតមុខតំណែង ឋានន្តរសក្ដិនិងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ» ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

នេះបើយោងតាមប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ដែល TNM ទើបទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ។

គួររំលឹកថា មានការបែកធ្លាយសំឡេង លោកអនុសេនីយ៍ឯក អ៊ុន សំអាត នាពេលកន្លងមក ដោយបានអួតអាង ថា «១អាទិត្យធ្វើការតែមួយថ្ងៃទេ» ។

តាមរយៈសារសំឡេងដែល TNM ទទួលបាន គឺ លោក អ៊ុន សំអាត និយាយថា «អ្នកខ្លះយាមទាំងយប់ទាំងថ្ងៃ មិនមែនដូចអញ១អាទិត្យធ្វើការ តែ១ថ្ងៃ ទេ រកស៊ី៦ថ្ងៃ ព្រលឹមឡើងមកស្អាង ល្ងាចឡើងទៅតាខ្មៅ វិញ» ។

លោក អ៊ុន សំអាត ថ្មីៗនេះ ក៏មានករណីមួយទៀត គឺ ព្រោះតែខឹងឆ្កែព្រុសដេញខាំ បានទាញកាំភ្លើងខ្យល់បាញ់៤គ្រាប់ នាំអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ស្មានតែមានករណីអ្វីកើតឡើង កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង