ក្រុមមេធាវីការពារក្តីជនជាប់ ចោទ ខៀវ សំផន ស្នើសុំមោឃភាពសាលក្រមដាក់ទោសអស់មួយជីវិត សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 17 ខែ សីហា ឆ្នាំ 2021 83 អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះបានបន្តបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផននៅថ្ងៃទី២ ដោយផ្តោតលើការស្តាប់ទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខរបស់ភាគីពាក់ព័ន្ធទៅនឹងយុត្តាធិការរបស់អង្គជំនុំជម្រះសាលាដំបូង និងទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលខៀវ សំផន ត្រូវបានសម្រេចដាក់ពិរុទ្ធភាព។ ក្រុមមេធាវីការពារក្តីឱ្យជនជាប់ចោទ ការិយាល័យ សហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានបង្ហាញទឡ្ហីករណ៍របស់ខ្លួននៅចំពោះមុខអង្គជំនុំជម្រះតុលាការកំពូល។ ក្រុមមេធាវីការពារក្តីជនជាប់ចោទ ខៀវ សំផន បានបង្ហាញទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខរបស់ខ្លួន ដោយព្យាយាមបង្ហាញថា អង្គជំនុំជម្រះសាលាដំបូងមានកំហុសផ្នែកដំណើរការ នីតិវិធីនិងដែនយុត្តាធិការក្នុងការចោទប្រកាន់ប្រឆាំងនឹងកូនក្តីខ្លួន និងបានលើកឡើងថា សាលក្រម ប្រឆាំងជនជាប់ចោទ ខៀវ សំផន មិនមានភាពត្រឹមត្រូវលើនីតិវិធីច្បាប់ និងគួរត្រូវបានធ្វើមោឃភាពចោល។ ប៉ុន្តែភាគី សហព្រះរាជអាជ្ញា និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីបានថ្លែងការពារនូវអ្វីដែលអង្គជំនុំជម្រះសាលាដំបូងសម្រេច និងបានលើកឡើងថាទាំងនីតិវិធី និងយុត្តាធិការដែលអង្គជំនុំជម្រះសាលាដំបូងបាន អនុវត្តក្នុងដំណើរការជំនុំជម្រះក្តីក្នុងសំណុំរឿង ០០២/០២ រួមនឹងសាលក្រមដែលបានប្រកាសកាលពីថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺមានភាពត្រឹមត្រូវ និងបានគ្របដណ្ដប់លើអង្គហេតុនានា ដែលបានចោទប្រកាន់នៅក្នុងសំណុំរឿង។ នៅក្នុងបណ្តឹងសាទុក្ខរបស់ខ្លួន ជនជាប់ចោទខៀវ សំផន តាមរយៈមេធាវីការពារក្តីរបស់ខ្លួន បានស្នើសុំដល់អង្គជំនុំជម្រះតុលាការកំពូលមេត្តា៖ ១-ជាចម្បងកត់សម្គាល់ពីមោឃភាពនៃសាលក្រម របស់អង្គជំនុំជម្រះសាលាដំបូងដែល បានប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងសំអាងហេតុដែលបានជូនដំណឹងដល់ភាគីនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយរំលោភលើវិធាន ផ្ទៃក្នុង។ ២-ជាបន្ទាប់បន្សំ ធ្វើមោឃភាពសាលក្រម និងសំអាងហេតុសាលក្រមនៃ សាលាដំបូង ដោយចេញសាលក្រមពីការគ្មានពិរុទ្ធភាពចំពោះបទចោទនីមួយៗ និង ៣-ជាបន្ទាប់បន្សំបំផុត កែប្រែការផ្តន្ទាទោស និងប្រកាស ដាក់ឱ្យជាប់ពន្ធនាគារក្នុងរយៈពេលកំណត់មួយ។ ចំណែកការិយាល័យសហព្រះរាជអាជ្ញាមិនបានប្តឹងសាទុក្ខលើផ្នែកពិរុទ្ធភាពទេ តែបាន ប្តឹងសាទុក្ខពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ដោយបានស្នើសុំអង្គជំនុំជម្រះតុលាការកំពូលសន្និដ្ឋានថា អង្គជំនុំជម្រះសាលាដំបូងមានកំហុសនៅពេលដែលអង្គជំនុំជម្រះបានសន្និដ្ឋានថា បរុសដែលត្រូវបានបង្ខំឱ្យរួមដំណេកនៅអាពាហ៍ពិពាហ៍របស់ពួកគេ មិនមែនជាជនរងគ្រោះនៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៃអំពើអមនុស្សធម៌ផ្សេងៗទៀតនោះទេ។ សហព្រះរាជអាជ្ញាស្នើថា ការរកឃើញដោយមានកំហុសនេះទុក មួយអន្លើសិន ហើយការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មនៃអំពើអមនុស្សធម៌ ផ្សេងទៀតនេះ ត្រូវកែតម្រូវដោយរួមបញ្ចូលហិង្សាផ្លូវភេទលើជនរងគ្រោះជាបុរសដើម្បីឱ្យជនរងគ្រោះទាំងបុរសនិងទាំងស្រ្តីនៃអំពើបង្ខំឱ្យរួមដំណេកដូចគ្នានេះ ត្រូវបានទទួលស្គាល់យ៉ាងត្រឹមត្រូវ។ ការណ៍នេះ គឺត្រូវតាមវិធាន ១១០(៤) នៃវិធានផ្ទៃក្នុងដូចដែល ខៀវ សំផន ត្រូវបានផ្តន្ទាទោសរួចហើយចំពោះឧក្រិដ្ឋកម្មនៃអំពើអមនុស្សធម៌ផ្សេងទៀត។ រីឯសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីស្នើសុំដោយសេចក្តីគោរពដល់អង្គជំនុំជម្រះតុលាការកំពូលមេត្តា៖ ១-ច្រាលចោលបណ្តឹងសាទុក្ខរបស់ជនជាប់ចោទ ខៀវ សំផន ទាំងស្រុង ២-តម្កល់ពិរុទ្ធភាព ខៀវ សំផន ទាំងអស់ និង ៣-តម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយ ជីវិត។ សូមរំឭកថា ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យបានដាក់បណ្តឹងសាទុក្ខទៅកាន់ អង្គជំនុំជម្រះតុលាការកំពូលប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដែលបានរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម និងបានសម្រេចផ្តន្ទាទោសដាក់ព័ន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨៕ 83 ចែករំលែក