ក្រសួងសាធារណការសាងសង់អគារមន្ទីរពិសោធន៍វិស័យសំណង់តម្លៃ៥៨ម៉ឺនដុល្លារ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 16 ខែ សីហា ឆ្នាំ 2021 93 ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចសាងសង់អគារមន្ទីរពិសោធន៍វិស័យសំណង់មានទំហំសរុប១៨ម៉ែត្រគុណនឹង២៥ម៉ែត្រ និងកម្ពស់២ជាន់ បន្ទាប់ពីទទួលជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េចំនួន៥៨ម៉ឺនដុល្លារអាមេរិក។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពិសោធន៍ដែលធ្វើឡើងដើម្បីគាំទ្រដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែសីហា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការសាងសង់អគារមន្ទីរពិសោធន៍ នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាលធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូនផង។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា បច្ចុប្បន្ននិស្សិតជំនាន់ទី១ ចំនួន១៩១នាក់ បាននិងកំពុងសិក្សាលើជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ចំនួន៣រួមមាន៖ ១. ផ្នែកសំណង់សាធារណការ លើជំនាញផ្លូវថ្នល់ ផ្លូវល្បឿន លឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ២.ផ្នែកគ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម លើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និង៣. ផ្នែកនាវាចរណ៍លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា។ សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានទទួលជំនួយ ឥតសំណងនូវ“គម្រោងនវានុវត្តន៍ ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា” ដែលមានទឹកប្រាក់សរុបប្រមាណជាង៣លាន២សែនដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់២០២៣ ដោយផ្តោតលើជំនួយឧបករណ៍ ពិសោធន៍សម្រាប់វាយតម្លៃគុណភាពផ្លូវថ្នល់, ផ្តល់អគារមន្ទីរ ពិសោធន៍បច្ចេកវិទ្យាសំណង់សម្រាប់សិក្សាស្រាវជ្រាវ និងពិសោធន៍គុណភាពវត្ថុធាតុផ្លូវថ្នល់, រថយន្តអង្កេតផ្លូវថ្នល់ស្វ័យប្រវត្តិសម្រាប់ប្រមូលទិន្នន័យគុណភាពផ្លូវថ្នល់, កម្មវិធីគ្រប់គ្រងផ្លូវថ្នល់, និងការបណ្តុះបណ្តាលបច្ចេកទេសហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ដល់មន្ត្រីជំនាញពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា៕ 93 ចែករំលែក