ព្រះមហាក្សត្រ និងសម្តេចម៉ែបានសព្វព្រះរាជហឫទ័យស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន នាព្រឹកថ្ងៃទី១៦ខែសីហានេះ

TNM(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យយាងទៅកាន់រដ្ឋធានីប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សូមបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្តេចព្រះវររាជមាតាជាតិខ្មែរព្រះអង្គទាំងទ្វេ តែងតែ យាងទៅពិនិត្យព្រះរាជសុខភាពចំនួនពីរដងក្នុងមួយឆ្នាំ តាមការយាងរបស់ក្រុមគ្រូពេទ្យនៅប្រទេសចិន។ នៅឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេបានយាងទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយកាលពីខែមីនា។

អញ្ជើញ និងយាងថ្វាយអមព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិ ខ្មែរនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាឱកាសនោះ រួមមាន៖ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាមេទ័ពកំពូលៗរបស់ជាតិផងដែរ។

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រ គឺរាល់ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងប្រគល់ទៅប្រមុខរដ្ឋស្តីទី ដែលជាប្រធានព្រឹទ្ធសភា៕

អត្ថបទដែលជាប់ទាក់ទង