ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលត្រូវបានមន្ត្រីមានអំណាចគ្រាគៗក្នុងខេត្តកែប ធ្វើអាជ្ញាប័ណ្ណរ៉ែដីក្រហមជាន់លើដីចំការដំណាំអាស្រ័យផលរបស់ពួកគាត់ដែលកាន់កាប់អស់រយៈកាលជាច្រើនឆ្នាំមកនេះ

កែប៖ ប្រជាពលរដ្ឋ២គ្រួសាររស់នៅ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានសំណូមពរឲ្យអភិបាលខេត្តកែប ក៏ដូចជាសម្តេចតេជោ ជួយអន្តរាគមន៍ ករណីមន្ត្រីនគរបាលខេត្តកែបស័ក្ត៤កន្លះម្នាក់ ធ្វើអាជ្ញាប័ណ្ណកាយយកដីលក់ ចំលើដីចំការដំណាំកំពុងអាស្រ័យផលរបស់ពួកគាត់ ត្រង់ចំណុចជើងភ្នំព្រះ ដែលស្ថិតនៅក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប  ។

 

ពលរដ្ឋម្នាក់ គឺអ្នកស្រី ឯម វណ្ណា អាយុ៦៤ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បានអះអាងចំពោះមុខក្រុមអ្នកសារព័ត៌មានថា ដីចម្ការរបស់អ្នកស្រីដែលធ្លាប់បានអាស្រ័យ មានដំណាំស្វាយ ខ្នុរ  ជាច្រើនដើម  ដែលស្ថិតនៅតំបន់ជើងភ្នំព្រះ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានមន្ត្រីនគរបាលខេត្តកែបម្នាក់ ដែលមានឈ្មោះ ខុន មុន្នីឧត្តម ធ្វើអាជ្ញាប័ណ្ណកាយយកអាចម៏ដី នៅលើដីរបស់គាត់ យកទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយគ្មានការដោះស្រាយជាមួយរូបគាត់ឡើយ។ អ្នកស្រី ឯម វណ្ណា បានបញ្ជាក់ទៀតថា អ្នកស្រីបានទិញដីខាងលើ ដែលមានដំណាំស្រាប់ ព្រមទាំងបន្តដាំដុះអាស្រ័យផលបន្ថែម ជាយូមកហើយ និងបានធ្វើរបងព័ទ្ធថែមទៀត តែពេលថ្មីៗនេះ ស្រាប់តែមានមន្ត្រីនគរបាលម្នាក់ពាក់ស័ក្ត៤កន្លះ ដែលមានឈ្មោះ ខុន មុន្នីឧត្តម បានដាក់គ្រឿងចក្រ ចូលកាយយកអាចម៏ដីលក់តែម្តង ដែលជាហេតុធ្វើឲ្យអ្នកស្រីបាត់បង់ដី និងមិនអាចចូលទៅអាស្រ័យផល នៅលើដីបានងាយស្រួលដូចមុនទៀតឡើយ ដោយសារជុំវិញសុទ្ធតែជាផ្លូវ និងការដ្ឋានរបស់ក្រុមហ៊ុនខាងលើ។ អ្នកស្រីមានតែសុំការសំណូមពរ ឲ្យអាជ្ញាធរខេត្តកែប ជួយដោះស្រាយតែប៉ុណ្ណោះ ព្រោះអស់រយៈពេលជាច្រើនថ្ងៃមកហើយ ម្ចាស់អាជ្ញាប័ណ្ណខាងលើ មិនបានដោះស្រាយជាមួយរូបគាត់ឡើយ។

 

ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ លោកវរសេនីយ៍ទោ ខុន មុន្នីឧត្តម បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមានអាជ្ញាប័ណ្ណសម្រាប់កាយដីជាង៥ហិចតា ឈ្មោះ SDS F.A.M លោកថាលោកធ្វើតែក្នុងដីអាជ្ញាប័ណ្ណរបស់លោកដែលក្រសួងបានចេញអោយតែប៉ុណ្ណោះ ករណីពាក់ព័ន្ធរឿងដីអាស្រ័យផលរបស់ពលរដ្ឋ គឺអាស្រ័យលើមន្ត្រីជំនាញ និងអាជ្ញាធរជាអ្នកដោះស្រាយ។

 

ចំពោះករណីនេះ លោក យស មុន្នី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប បានមានប្រសាសថា សាច់រឿងនេះដោយសារតែ ដីតំបន់ខាងលើ ឋិតនៅក្នុងគម្របព្រៃឈើរបស់រដ្ឋ មិនមានប័ណ្ណកម្មសិទ្ធិឯកជន ដែលជាដីគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ទើបក្រុមហ៊ុនស្នើរសុំដីរដ្ឋធ្វើអាជីវកម្មបាន ។ លោកប្រធានមន្ទីរបញ្ជាក់ថា បើដីនោះបះពាល់ដល់កម្មសិទ្ធិពលរដ្ឋខាងក្រសួងមិនអនុញ្ញាតអោយឡើយ។

ចំពោះរណីមានទំនាស់បែបនេះ ជាបន្ទុករបស់អាជ្ញាធរជាអ្នកដោះស្រាយ។

 

ជាមួយគ្នានេះដែរ លោក តូច សាម៉ន ចៅសង្កាត់ព្រៃធំ បានឲ្យដឹងថា ដីខាងលើគឺពិតជាអ្នកស្រី ឯម វណ្ណា បានទិញពីពលរដ្ឋនិងងអាស្រ័យផលពិតប្រាកដមែន ហើយការទិញលក់នោះ លោកបានចុះហត្ថលេខានិងត្រាពិតប្រាកដមែន  ក៏ប៉ុន្តែលោកមិនបានដឹងថា ហេតុអ្វីបានជាកាលក្រុមការងារនិស្សិតចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិ បែរជាមិនបានវាស់ជូនគាត់។ លោកថាចំពោះអាជ្ញាប័ណ្ណ គឺធ្វើលើដីរដ្ឋ តែបើកាយប៉ះដីដំណាំពលរដ្ឋបែបនេះ ក៏គួរតែដោះស្រាយគ្នាសិនដែរ។

 

គួរបញ្ជាក់ដែរថា បើតាមប្រភពពីប្រជាពលរដ្ឋតំបន់ខាងលើបានឲ្យដឹងថា ដីភ្នំក្នុងតំបន់ខាងលើ ឬតំបន់ផ្សេងទៀតក្នុងខេត្ត កំពុងត្រូវបានកាយបំផ្លាញ ដោយក្រុមហ៊ុនជាច្រើនផ្សេងៗពីគ្នា ដោយសំអាងតែអាជ្ញាប័ណ្ណមួយសន្លឹកតែប៉ុណ្ណោះ រីឯកន្លែងខ្លះទៀតយកលេះកាយធ្វើផ្លូវនេះ ធ្វើផ្លូវនោះ។ ដោយហេតុផលនេះហើយ ដែលជាមូលហេតុមិនច្បាស់លាស់នេះហើយ បានធ្វើឲ្យភ្នំទាំងមូលបាត់បង់សោភ័ណភាព និងទ្រង់ទ្រាយដើម សល់តែដីក្រហេងក្រហូងស្ទើរតែគ្រប់កន្លែងទៅហើយ ដែលជារឿងធ្វើឲ្យពលរដ្ឋ ខឹងសម្បារយ៉ាងខ្លាំង ដោយសារក្រុមហ៊ុនកាយយកអាចម៏ដីទាំងនោះ បង្កផលប៉ះពាល់ដល់ពលរដ្ឋ ដោយសារតែការបើកលឿន ហុយដី និងដឹកគ្មានការគ្រប ធ្វើឲ្យជ្រុះពេញផ្លូវ ព្រមទាំងប៉ះពាល់លើដីអាស្រ័យផល របស់ពលរដ្ឋ ដូចជាក្រុមហ៊ុនមួយនេះជាដើម ខណៈដែលពលរដ្ឋលើកឡើងថា ពួកគាត់សុំដីត្រឹមដាំដុះអាស្រ័យផល ត្រូវបានគេមករំលោភបំពានបែបនេះ តែបើក្រុមហ៊ុនវិញ ចង់កាយរំលាយភ្នំបែបណាក៏បាន ឲ្យតែមានអាជ្ញាប័ណ្ណមួយសន្លឹកក្នុងដៃ គឺជាការស្រេច៕

 

ដូចនេះពលរដ្ឋស្នើអោយមន្ត្រីជំនាញ ពិនិត្យសាឡើងវិញ កុំអោយកន្ទេលធំបន្លំដេក អនុវត្តន៍ច្បាប់បានតែពលរដ្ឋទន់ខ្សោយ រីឯបុគ្គលមានលុយ មានអំណាចធ្វើអី បានតាមតែអំពើចិត្ត។

អត្ថបទដែលជាប់ទាក់ទង