គណៈកម្មាការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំពិភាក្សាស្តីពីការបែងដីសម្បទានសង្គមកិច្ចក្នុងគម្រោង (LASED III )ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែងៈ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំធំក្នុងសាលាខេត្តស្ទឹងត្រែងបានបើកកិច្ច ដោយរៀបចំពីគណៈកម្មាកាគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ស្តីពីការស្នើសុំរៀបចំបែងចែកដីសម្បទានសង្គមកិច្ចក្នុងគម្រោង(LASED III ) ដើម្បីចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពក្រលំបាកខ្វះខាតពិតប្រាកដនៅក្នុងភូមិ អន្លង់ស្វាយ ឃុំព្រះរំកឹល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាកាគ្រប់គ្រងដីរដ្ឋ នៃខេត្តស្ទឹងត្រែង និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងអភិបាលស្រុកបុរីអូស្វាយសែនជ័យ និងប្រធានអនុប្រធានមន្ទីជំនាញពាក់ព័ន្ធនៅក្នុងខេត្តជាច្រើននាក់ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ការស្នើសុំរៀបចំបែងចែកដីសម្បទានសង្គមកិច្ចក្នុងគម្រោង(LASED III )ជូនប្រជាពលរដ្ឋស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកឹល ស្រុកបុរីអូស្វាយសែមជ័យនេះ ធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលមានការខ្វះខាតយ៉ាងពិតប្រាកដ ជាពិសេសក្នុងឃុំព្រះរំកឹលនេះតែម្តង។ លោកប្រធានមន្ទីរបានបន្តថា តាមរយៈគម្រោង(LASED III)នេះនិងធ្វើឲ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រោះកន្លងមក រាជរដ្ឋាភិបាលធ្លាប់បានធ្វើជោគជ័យម្តងរួចមកហើយតាមរយះ(LASED II)។ នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងជាប្រធានគណៈកម្មាកាគ្រប់គ្រងដីរដ្ឋខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា លោកមានការគាំទ្រចំពោះការរៀបចំផែនការបែងចែកដីសម្បាទានសង្គមកិច្ចតាមរយះគម្រោងព្រោះនេះជាគម្រោងមួយដែលអាចឈានឆ្ពោះទៅកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ និងជួយដល់ពលរដ្ឋក្នុងស្រុកបុរីអូស្វាយសែនជ័យ ដែលមានស្ថានភាពខ្វះខាតអាចមានលទ្ធភាពស្តាសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់បានប្រសើរឡើង។ ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍បន្តថា ក្រោយពីប្រជុំរួចរាល់ ខាងអាជ្ញាធរខេត្តបានសម្រេចបង្កើត រៀបចំក្រុមការងារចំរុះចុះទៅធ្វើការសិក្សាលើផ្ទៃដីជាក់ស្តែងលើគម្រោងបែងចែកដីសម្បទានសង្គមកិច្ចក្នុងគម្រោង(LASED III ) ដើម្បីឲ្យបានស៊ីជម្រៅ អំពីទីតាំងផ្ទៃដីដែលនិងត្រូវផ្តល់ជូនប្រជាពលរដ្ឋ និងដើម្បីឲ្យបានស៊ីជម្រៅទៅលើផលប៉ះពាល់ ព្រមទាំងបញ្ហាផ្សេងៗដែលអាចកើតមានលើផ្ទៃដីគម្រោងដែលកំពុងត្រៀមរៀបចំបែងចែកជូនដល់ប្រជាពលរដ្ឋ និងស្នើរទៅកាន់រាជរដ្ឋាភិបាលដើម្បីសម្រេច ក្រោយពីបញ្ជប់ការចុះសិក្សាទៅលើផ្ទៃដីដែលមានចំនួនជាក់ស្តែងនេះ ៕
(ដោយ សហការី TNM ស្ទឹងត្រែង)