ពលរដ្ឋមានវិវាទដីធ្លី នៅខេត្តកណ្ដាល និងក្រុមសន្តិសុខក្រុមហ៊ុន OCIC ប៉ះទង្គិច គ្នាដោយ អំពើ ហិង្សាមួយប្រាវ ឬក៏មួយចម្អិនកំពិស ព្រោះជម្លោះដីធ្លីរវាង ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី មិនត្រូវថ្លៃគ្
ពលរដ្ឋមានវិវាទដីធ្លី នៅខេត្តកណ្ដាល និងក្រុមសន្តិសុខក្រុមហ៊ុន OCIC ប៉ះទង្គិច គ្នាដោយ អំពើ ហិង្សាមួយប្រាវ ឬក៏មួយចម្អិនកំពិស ព្រោះជម្លោះដីធ្លីរវាង ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី មិនត្រូវថ្លៃគ្នា
អំពើហិង្សានេះគឺផ្ដើមចេញពីខាងក្រុមហ៊ុន ប្រើគ្រឿងចក្រទៅឈូសឆាយព្រែក និងដីស្រែអ្នកភូមិនៅ ត្រង់ចំណុចលូមុខ៤ ក្នុងភូមិ កំពង់តាឡុង ឃុំបឹងខ្យាង ខណៈដែលបញ្ហានេះអាជ្ញាធរនៅមិនទាន់ ដោះស្រាយចប់សព្វគ្រប់នៅឡើយ។ វិវាទដីធ្លីនៅ ព្រះលានយន្តហោះថ្មី នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលឈាន ដល់ប្រើអំពើហិង្សា ដាក់គ្នាមួយប្រាវរវាងក្រុមសន្តិសុខក្រុមហ៊ុន OCIC និង ប្រជាពលរដ្ឋនៅទីតាំងដីមានជម្លោះដោយបង្កឲ្យភាគីទាំងសងខាងរងរបួសស្រាល រៀងៗខ្លួន។
មន្ត្រីសង្គមស៊ីវិលស្នើដល់អាជ្ញាធរ និង ក្រសួងពាក់ព័ន្ធពន្លឿនដំណោះស្រាយសមរម្យជូនពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍន៍ដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏រ៉ារ៉ៃមួយនេះ។
ពលរដ្ឋម្នាក់ដែលបាត់បង់ដីស្រែក្នុងវិវាទនេះ លោក ឃៀង សុខមាន ប្រាប់ អ្នកសារព័ត៌មាន នៅថ្ងៃទី ៩ សីហា នេះថា ប្រជាពលរដ្ឋនាំគ្នាទៅហាម ឃាត់ក្រុម សន្តិសុខមានគ្នាជាង ៣០នាក់ កុំឲ្យប្រើ គ្រឿងចក្រឈូសឆាយដីស្រែពួកគាត់តែពួកគេមិនព្រមបញ្ឈប់សកម្មភាពរហូតដល់ ប៉ះពាក្យសំដីនិង បង្កជាហិង្សាដាក់គ្នាទៅវិញទៅមក។
លោកបញ្ជាក់ថាប្រជាពលរដ្ឋមិនជំទាស់នឹងការអភិវឌ្ឍន៍របស់ក្រុមហ៊ុនទេប៉ុន្តែស្នើឲ្យអាជ្ញាធរ និង ក្រុមហ៊ុនគិតគូរផ្ដល់សំណងដីធ្លីសមរម្យឲ្យពលរដ្ឋជាមុនសិនមុននឹងបន្តការសាងសង់ ឬឈូសឆាយ ដីស្រែរបស់ពួកគាត់៖ «ប្រជាពលរដ្ឋគាត់អត់ចង់បានអ្វីទេចង់បានតែតម្លៃទីផ្សារមួយឲ្យគាត់សមរម្យ
មក ហើយទី ២ សុំពន្លឿនការដោះស្រាយនិង ទី ៣បើមិនទាន់មានការដោះស្រាយសុំឲ្យមានការ ឈូសឆាយទៅលើដីរបស់ពួកគាត់ឬក្រុមហ៊ុនដែលបានទិញរួច។ មាន៣ចំណុចហ្នឹង ដែលចង់ឲ្យអាជ្ញាធរក៏ដូចជាថ្នាក់លើហ្នឹងជួយគិតគូរត្រង់ចំណុចហ្នឹង នេះជាអ្វីៗ ដែលជាការសំណូមពររបស់ប្រជាពលរដ្ឋ ។
ធីអិនអឹម ព្យាយាមសុំការឆ្លើយតបរឿងនេះពីតំណាងក្រុមហ៊ុន អូ.ស៊ី .អាយ.ស៊ី (OCIC) លោក ជូ កុក សាយ ប៉ុន្តែលោកប្រាប់អ្នកសារព័ត៌មានថា ជាប់រវល់ប្រជុំមិនអាចនិយាយបានទេ រីឯអាជ្ញាធរមូលដា្ឋន មិនអាចសុំការបំភ្លឺរឿងនេះពីអធិការនគរបាលស្រុកកណ្ដាលស្ទឹងលោក ឡេង សុខរុន និង អភិបាលស្រុកកណ្ដាលស្ទឹង លោក អ៊ូច សៅវឿន បានទេដោយ ហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ចំណែកអភិបាល ខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ មិនអាចធ្វើអត្ថាធិប្បាយរឿងនេះបានទេដោយ លោក អះអាងថាមិនទាន់ក្ដាប់រឿងនេះច្បាស់នៅឡើយ។
ទាក់ទងនឹងរឿងនេះអ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ ថាអាជ្ញាធរមិនគួរបណ្ដែតបណ្ដោយឲ្យបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃ ជាង ច្រើនឆ្នាំមកនេះនៅទ្រឹងហើយបង្កទៅអំពើហិង្សាបែបនេះឡើយ។ លោក យល់ ថា ភាគីក្រុមហ៊ុន និង អាជ្ញាធរខេត្ត គួរ ពន្លឿនដំណោះស្រាយជូនពលរដ្ឋនូវតម្លៃដីធ្លីណាមួយដែលភាគីទាំងសងខាង ព្រមព្រៀងគ្នាដើម្បីបញ្ចប់ជម្លោះដោយផ្អែកតាមច្បាប់រដ្ឋដែលមានស្រាប់ ។
ជម្លោះដីធ្លីរវាង ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ ឧកញ៉ា ពុង ឃាវសែ ជាមួយនឹងប្រជា ពលរដ្ឋសរុប៣៣០រយ គ្រួសារនៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលអូសបន្លាយជាង៣ឆ្នាំមកហើយ ដោយពលរដ្ឋមិនព្រមទទួលយកសំណងដែលអាជ្ញាធរផ្ដល់ឲ្យចន្លោះពី៣ដុល្លារ ទៅ៨ដុល្លារក្នុងដី១ម៉ែត្រការ៉េ៕