រាជធានីភ្នំពេញបន្ថែមទីតាំងចាក់វ៉ាក់សាំង ដល់កុមារ និងក្មេងជំទង់អាយុពី១២ដល់១៧ឆ្នាំ នៅក្នុងខណ្ឌ៧មករា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទីតាំងចាក់វ៉ាក់សាំង ដល់កុមារ និងក្មេងជំទង់អាយុពី១២ដល់១៧ឆ្នាំ នៅក្នុងខណ្ឌ៧មករា និងអំពាវនាវឱ្យមន្ទីរសម្រាកព្យាបាលឯកជនចូលរួមផ្តល់សេវាចាក់វ៉ាក់សាំង ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តិទៅបានលឿន ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹងអំពីយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅតាម មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក សរុបចំនួន ៣៩ទីតាំង នៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ខែសីហា ឆ្នាំ២០២១ សម្រាប់ដូសទី១ ហើយដោយសង្កេតឃើញថាមានមាតាបិតា និងអាណាព្យាបាលជាច្រើន បាននាំបុត្រធីតានិងសាច់ញាតិរបស់ខ្លួនមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩មានចំនួនយ៉ាងច្រើនកុះករនោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនមន្ទីរសម្រាកព្យាបាល អូឡាំព្យា មេឌីខល ដែលបានស្ម័ត្រចិត្តចូលរួមផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំដោយឥតគិតថ្លៃ។ ដូចនេះ សូមមាតាបិតា និងអាណាព្យាបាល ដែលមានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងខណ្ឌ៧មករាអញ្ជើញយកបុត្រធីតា និងសាច់ញាតិរបស់ខ្លួនទៅទទួលយកសេវាចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃ នៅមន្ទីរសម្រាកព្យាបាលអូឡាំព្យា មេឌីខល ដែលមានទីតាំងនៅអូឡាំព្យាស៊ីធី អគារស៊ី៥ ផ្លូវ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ និងលើកទឹកចិត្តដល់មន្ទីរសម្រាកព្យាបាលឯកជនទាំងអស់ ដែលមានបំណងចង់ចូលរួមផ្តល់សេវា ចាក់វ៉ាក់សាំង ដើម្បីការពារខឿនសុខុមាលភាពសាធារណៈ ដោយឥតគិតថ្លៃជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អាចធ្វើការស្នើសុំដោយភ្ជាប់មកជាមួយនូវឯកសារគតិយុត្តនិងលិខិតបញ្ជាក់ផ្សេងៗចេញដោយស្ថាប័នមានសមត្ថកិច្ច មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមូលដ្ឋានក្នុងការពិនិត្យសម្រេចជូន។

រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកដល់មាតាបិតា និងអាណាព្យាបាលដែលត្រូវនាំបុត្រធីតាឬសាច់ញាតិ មកទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ហើយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ ៣ ការពារ និង ៣ កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ អាយុជីវិតផ្ទាល់ខ្លួននិងក្រុមគ្រួសារក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅលុបបំបាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ ឱ្យបានឆាប់នាពេលខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង