អភិបាលខេត្តបន្ទាយមានជ័យ ជំរុញកងកម្លាំងតាមព្រំដែនជួរមុខ បង្ក្រាបរាល់បទល្មើស លួចឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ បំប្លែងថ្មី Delta
AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១–
អភិបាលខេត្តបន្ទាយមានជ័យបាន ជំរុញដល់កងកម្លាំងប្រដាប់អាវុធការពារព្រំដែនជួរមុខកម្ពុជា-ថៃត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការបង្ក្រាបរាល់បទល្មើស ជាពិសេសបទល្មើសឆ្លងដែនខុសច្បាប់ នៅក្នុងដំណាក់កាល បិទខ្ទប់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ខណៈពេលនេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីនេះជាច្រើនករណី នៅតាមបណ្តា មូលដ្ឋានមួយចំនួន ក្នុងរាជធានី និងខេត្ត ។
ការជំរុញបែបនេះរបស់ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើឡើងនៅ ព្រឹក ថ្ងៃ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៤ខែសីហា ឆ្នាំ ២០២១នេះ ក្នុងឱកាសផ្តល់អំណោយឧបត្ថម្ភស្បៀងអាហារមាន ឃីតចំនួន ៦០កញ្ចប់ និងមី ចំនួន ៦០កេសតូច ដល់កងកម្លាំងវរៈសេនាតូចលេខ៥១៣ ចំណុះកងពលតូចថ្មើរជើងលេខ ៥១ ដែលបាននិងកំពុងប្រតិបត្តិនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់នៅតាមខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការចម្លងរាលដាលជំងឺកូវីដ-១៩បំប្លែងថ្មី Deltaចូលក្នុង សហគមន៍នោះ។
ជាមួយនោះដែរ ឯកឧត្តមក៏បានក្រើនរម្លឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីយកឈ្នះលើការរាត ត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ ហើយត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឱ្យ បានខ្ពស់ ជាពិសេសការអនុវត្តន៍វិធានសុខាភិបាល «៣ការពារ និង៣កុំ» ហើយបើគ្មានការចាំ បាច់សូមកុំធ្វើដំណើរ ចល័តពីកន្លែងមួយទៅកន្លែងមួយទៀត។
វីរុសដែលតា (Delta) នេះបានបោះជំហានចូលទៅក្នុងសហគមន៍ ដែលស្ថិតនៅក្នុងភូមិ សាស្ត្រ នៃខេត្តមួយចំនួនរបស់កម្ពុជាយើង ។ ឥឡូវនេះរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ ក្នុងភូមិសាស្រ្តខេត្ត ដែលនៅជាប់ព្រំដែនថៃ ដើម្បីទប់ស្កាត់កុំឱ្យជំងឺដ៏កាចសាហាវនេះឆ្លង រាលដាលចូលក្នុងសហគមន៍កាន់តែច្រើននោះ ៕
ដោយឈុន សារ៉ាត, សម្រួលផ្សាយ៖ កន ចំណាន