ឯកឧត្តម ខៀវ កាញារីទ្ធ៖ បុគ្គល ឬអង្គភាពសារព័ត៌មានដែលផ្សាយបំពានប៉ះពាល់ដល់ជីវិតឯកជនធ្វើឱ្យខាតបង់ ឬមានការអាម៉ាស បុគ្គលនោះអាចប្តឹងទៅតុលាការផ្ទាល់ដោយខ្លួនឯង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ចំពោះបុគ្គលណាមួយយល់ឃើញថា បុគ្គល ឬអង្គភាពសារព័ត៌មានបានផ្សាយបំពានប៉ះពាល់ដល់ជីវិតឯកជនរបស់ខ្លួន ធ្វើឱ្យខ្លួនខាតបង់ ធ្វើឱ្យខ្លួនមានការអាម៉ាស គឺអាចប្តឹងទៅប្រព័ន្ធតុលាការផ្ទាល់ដោយខ្លួនឯង ពីព្រោះនេះមិនមែនជាសេរីភាពសារព័ត៌មានទេ ហើយក៏មិនស្ថិតក្រោមកិច្ចអន្តរាគមន៍របស់ក្រសួងព័ត៌មានដែរ។

ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសបើកវេទិកាពិភាក្សាសារព័ត៌មានក្រោមប្រធានបទ “ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក” ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Zoom Meeting។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ក្រមសីលធម៌ គឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន បើរក្សាតម្លៃបាន គឺនៅដដែល មិនមែនអ្នកសារព័ត៌មាន ត្រូវតែមានសញ្ញាបត្រ និងមានអ្វីៗនោះទេ ព្រោះពាក្យថាសិទ្ធិធ្វើសារព័ត៌មាន ជាសិទ្ធិដែល ធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយធានាជូនប្រជាពលរដ្ឋគ្រប់រូប ដែលធ្វើជាអ្នកកាសែត បានទាំងអស់។ ប៉ុន្តែសម្រាប់ធ្វើកាសែត ក៏មានច្បាប់ និងក្រឹត្យក្រម ដែលត្រូវអនុវត្តន៍តាម។

ឯកឧត្ដមរដ្ឋមន្រ្ដីថ្លែងថា “ក្រសួងព័ត៌មានមិនមែនជាតុលាការ និងមិនមែនជាមន្ត្រីយុត្តិធម៌ទេ កាលណា មានការប៉ះលើបញ្ហាឯកជន កិត្តិយស សេចក្តីថ្លៃថ្នូរបុគ្គល ហើយយល់ឃើញថាអត្ថបទ ឬការអត្ថាធិប្បាយនោះធ្វើឱ្យខាតបង់ប្រយោជន៍របស់ខ្លួន គ្រួសារខ្លួន គឺមានសិទ្ធប្តឹងអ្នកសារព័ត៌មាន ឬអង្គភាពព័ត៌មានទៅតុលាការតែម្តង”។

ឯកឧត្តមបានជម្រាបជូនថា បច្ចុប្បន្ននេះ សារព័ត៌មានសរសេរក្តី រូបភាព ក្តី សំឡេងក្តី គឺសុទ្ធតែប្រើគ្រប់រូបភាព សំឡេង និងទិន្នន័យគ្រប់ៗគ្នា ដែលធ្វើឱ្យប៉ះពាល់ ដូចជាការគប់ដំថ្មចូលទឹក គឺដំថ្មនោះ ធ្លាក់ចូលទៅបាត់ក្នុងទឹក តែរលក ដែលបង្កដោយថ្មប៉ះទឹក គឺមានរលកទៅច្រើនតាមក្រោយ។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា អ្នកកាសែតដែលមានវិជ្ជាជីវៈ ឬគ្មានវិជ្ជាជីវៈ ត្រូវយល់ពីការទទួលខុសត្រូវរបស់យើងនៅក្នុងសង្គម នៅពេលដែលយើងនិយាយអ្វីមួយម៉ាត់ ថាតើប៉ះពាល់ទៅលើអ្វីខ្លះ ហើយនោះមិនទាន់បាននិយាយពីអាកប្បកិរិយា ដែលជះឥទ្ធិពលដល់កុមារ និងយុវជន ក៏ដូចអ្នកដទៃផ្សេងទៀតដែរ ។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានកត់សម្កាល់ឃើញថា “បច្ចុប្បន្ននេះ អ្នកកាសែតមួយចំនួនមិនបានរៀនសូត្រវិជ្ជាជីវៈត្រឹមត្រូវទេ សំខាន់ឱ្យតែបានទាញចំណាប់អារម្មណ៍។ សេរីភាពអ្នកសារព័ត៌មាន ឈប់ត្រឹម សេរីភាពរបស់គេ។ ការនិយាយដើមគេ មិនមែនជាសេរីភាពទេ ។ យើងមាន សេរីភាព ប៉ុន្តែកុំឱ្យប៉ះ សេរីភាពរបស់គេ”៕

ដោយ រិទ្ធី, សម្រួលផ្សាយ៖ កន ចំណាន រូបថត៖ ខឹម សុវណ្ណារ៉ា

អត្ថបទដែលជាប់ទាក់ទង