ប្រើអំណាចហួសដែនកំណត់ អាងជាអភិបាលរងខេត្ត និងជានាយទាហ៊ានឃុបឃិតគ្នាលួចកាយដីភ្នំលក់ ត្រូវក្រសួងជំនាញចាប់ផាកពិន័យរាប់រយលានរៀល

មានសេចក្តីរាយការបានឲ្យដឹងថា ថ្មីៗនេះក្រសួងរ៉ែនិងថាមពល បានសម្រេចផាកពិន័យក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ ជាប្រាក់ច្រើនលានរៀល ស្មើនិង២០៥ ៣១៨ ដុល្លារអាមេរិក នៅក្នុងសំណុំរឿងដែលក្រុមហ៊ុនលួចធ្វើអាជីវកម្ម មុនពេលមានអាជ្ញាប័ណ្ណនិងច្បាប់អនុញ្ញាត ។ ក្នុងករណីដែលក្រុមហ៊ុនយឺតយ៉ាវ ឬមិនព្រមបង់ប្រាក់ពិន័យតាមកាលកំណត់ ក្រសួងរ៉ែនិងថាមពល នឹងបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណឲ្យទៅក្រុម ហ៊ុនតាមការស្នើសុំនោះទៀតផង ។ នេះបើយោងតាមឯកសារដែលចុះហត្ថលេខារបស់ឯឧ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជំរាបទៅលោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឃភ្នំថ្កូវ កាលពីថ្ងៃទី ២៩មិថុនា ឆ្នាំ២០២១ ដែលអ្នកសារព័ត៌មានទើបនិងទទួលបាននាពេលថ្មីៗ ។ នៅក្នុងលិខិតរបស់រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងរ៉ែនិងថាមពលបានទទួលរួចហើយនូវលិខិតរបស់លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវ ចុះថ្ងៃទី ២២កុម្ភៈ ២០២១ ស្នើបដិសេធលិខិតលេខ ៣៣៨ រថ កព ចុះថ្ងៃទី ២០ ឧសភា ឆ្នាំ២០២០ របស់មន្ទីររ៉ែនិងថាមពលខេត្តកំពត និងលិខិតលេខ ០១១០ រថ អរស ចុះថ្ងៃទី ២១មករា ឆ្នាំ២០២១ របស់ក្រសួងរ៉ែនិងថាមពល ស្នើសុំឲ្យក្រសួងបង្កើតក្រុមការងារស្រាវជ្រាវលើទីតាំងជាក់ស្ដែងធ្វើអាជីវកម្មដីក្រហមនៅភ្នំថ្កូវ ស្ថិតនៅភូមិកោះផ្ដៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតនោះ ។ ករណីនេះក្រសួងរ៉ែនិងថាមពលបានចេញលិខិតលេខ ០១១០ រថ អរស ចុះថ្ងៃទី ២១មករា ២០២១ ដោយមានខ្លឹមសារបញ្ជាក់ថា ៖ ក្រុមហ៊ុនបានកាយយកអាចម៍ដីក្រហមមុនទទូលបានអាជ្ញាប័ណ្ណអស់បរិមាណចំនួន ៥១ ៣២៩,៥០ម៉ែតគូប ល្មើសនិងមាត្រា៣៥ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីការគ្រប់គ្រងអាជីវកម្មធនធានរ៉ែត្រូវរងការផាកពិន័យ ចំនួនស្មើនិង២ដងនៃចំនួនប៉ាន់ស្មានលើផលិតផលរ៉ែដែលបានជីកយកស្មើនិងទឹកប្រាក់ជាង ៨២១លានរៀល ។ ក្រសួងទុករយៈពេល១៥ថ្ងៃគិតពីថ្ងៃចុះហត្ថលេខានៃលិខិត០១១០ ដើម្បីឲ្យក្រុមហ៊ុនតវ៉ាជាលាយល័ក្ខអក្សរ ផុតពីនេះក្រសួងនិងចេញលិខិតធ្វើការផាកពិន័យពុំទុកពេលតវ៉ទៀតឡើយ និងសម្រេចផាកពិន័យដូចខាងលើ។

លោក អេង អូន ត្រូវទៅទំនាក់ទំនងការិយាល័យគ្រប់គ្រងចំណូលមិនមែនសារពើពន្ធធនធានរ៉ែនៃនាយកដ្ឋានផែនការសេដ្ឋកិច្ចធនធានរ៉ែនៃទីស្ដីការក្រសួង ដើម្បីទទួលយកលិខិតបញ្ជាបង់ប្រាក់ និងត្រូវបង់ប្រាក់មិនឲ្យលើសពី៣០ថ្ងៃ ។ ក្នុងករណីមិនអនុវត្តតាមកាលកំណត់ ក្រសួងនឹងសម្រេចបដិសេធការស្នើសុំអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននៅលើតំបន់ខាងលើ និងបន្តចាត់វិធានការតឹងទារបំណុលតាមនីតិវិធីច្បាប់ជាធរមាន ។
សេចក្តីរាយការបន្តថា ទោះបីក្រសួងរ៉ែ នឹងថាមពល បានចេញការព្រមានធ្ងន់ៗ យ៉ាងនេះក្តី តែក្រុមហ៊ុនអភិវឌ្ឍភ្នំថ្កូវរបស់លោក អេង អូន នៅមិនទាន់បង់ប្រាក់ពិន័យទេ ថែមទាំងមានចេតនាគេចវេសការទទួលខុសត្រូវបង់ពន្ធទៀតផង ។ លោក អេង អូន ត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធានៅមូលដ្ឋានទ័ពអាកាសកងកេង ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍ ភ្នំថ្កូវ ស្រុកកំពង់ត្រាច ខេត្តកំពត ។ ពាក់ព័ន្ធនិងការលួចធ្វើអាជីវកម្មរ៉ែដីក្រហមនៅភ្នំថ្កូវ មានសេចក្តីរាយការពីខេត្តកំពតបានឲ្យដឹងថា មានអភិបាលរងខេត្តម្នាក់ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចដកតំណែងផងដែរ ដោយសារជាប់ពាក់ព័ន្ធនិងទ្រព្យសម្បត្តិរដ្ឋនិងការឃុបឃិតគ្នាជាមួយឈ្មួញបំផ្លាញធនធានធម្មជាតិនៅភ្នំថ្គូវខេត្តកំពតនេះ ដែលលោកអភិបាលរងខេត្តរូបនោះមានឈ្មោះ ហាស់ សុបិន្ត ត្រូវបានអនុក្រិត្យផ្ទេរចេញឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ។ មហាជនកំពុងមានចម្ងល់ចំពោះលោក អេង អូន ដែលគេស្គាល់ថា ជានាយទាហ៊ានមួយរូប មានភារៈកិច្ចឈរជើងការពារនៅអាកាសយានដ្ឋានកេងកងខេត្តព្រះសីហនុ ដែលជាមន្ត្រីរាជការសាធារណៈ ស៊ីប្រាក់ខែរដ្ឋ តែបែជាទៅឈរ ឈ្មោះ ធ្វើប្រធានក្រុមហ៊ុនមួយ ជាប់ពាក់ព័ន្ធរឿងអាស្រូវលួចធ្វើ អាជីវកម្មរ៉ែដីក្រហមនៅភ្នំថ្កូវ ខេត្តកំពតនោះថែមទៀត ។

ជុំវិញករណីខាងលើនេះទូរទស្សន៍អនឡាញTNM ព្យាយាមទំនាក់ទំនងអ្នកនាំពាក្យសាលាខេត្តដែរ តែមិនមានការឆ្លើយតបនៅឡើយទេព័ត៌មានលម្អិតមិនទាន់ប្រមូលសរុបយន្តការរបស់ក្រសួងនិងចុះពិនិត្យនិងដោះស្រាយ ហើយភ្ញាក់ងាររបស់ TNM រងចាំការបំភ្លឺជាមួយអ្នកដែលពាក់ព័ន្ធគ្រប់ពេលវេលារាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង