សម្តេចតេជោនៅតែបញ្ជាក់ថាទោះបីជាកម្ពុជាក្រ តែកម្ពុជាមិនទុកឱ្យប្រជាពលរដ្ឋរបស់ខ្លួនដែលវិលត្រឡប់ពីប្រទេសថៃ ខ្វះការយកចិត្តទុកដាក់ឡើយ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យដឹងថា បើទោះបីជាកម្ពុជាក្រ តែកម្ពុជាមិនទុកឱ្យប្រជាពលរដ្ឋរបស់ខ្លួនដែលវិលត្រឡប់ពីប្រទេសថៃ ខ្វះការយកចិត្តទុកដាក់ឡើយ ដើម្បីធ្វើយ៉ាងណា បង្ការ ការពារ ទប់ស្កាត់ ការរាតត្បាតជំងឺឆ្លងកូវីដ១៩ប្រភេទថ្មី និងធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅតែអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនមែនជារដ្ឋក្ស័យធនទេ រាជរដ្ឋាភិបាលកម្ពុជា បានសន្សំថវិកាប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងវិស័យសង្គម និងទប់ស្កាត់ការរីករាតត្បាត ជំងឺកូវីដ១៩។ ថ្លែងក្នុងកិច្ចប្រជុំនិងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោបានមានប្រសាសន៍ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺកូវីដ១៩ បំប្លែងថ្មី នៅតាមខ្សែបន្ទាត់ព្រំដែន ពិសេសព្រំដែនកម្ពុជា ថៃ គឺត្រូវពង្រឹងវិធានការចត្តាឡីស័ក ត្រូវធ្វើចត្តាឡីស័កគ្រប់ថ្ងៃ ហើយការធ្វើ ចត្តាឡីស័កត្រូវធ្វើតេស្តរហ័ស ហើយបើមានការសង្ស័យត្រូវធ្វើតេស្តម៉ាស៊ីនធំ បន្ទាប់មក រថយន្តយោធានឹងដឹកជញ្ជូន ទៅកាន់មណ្ឌល ចត្តាឡីស័ក។ សម្តេចតេជោ បានណែនាំដល់ អនុគណៈកម្មការសាងសង់និងជួសជុលត្រូវចូលរួមជាមួយរដ្ឋបាលខេត្តតាមព្រំដែនដោយពិនិត្យមើល តើខ្វះខាតអ្វីទៀត ហើយបញ្ចេញថវិកាជាតិត្រូវធ្វើអ្វីបន្ថែម ដូចជាទិញគ្រែឬ ប្រដាប់ធ្វើចត្តាឡីស័កសម្រាប់ផ្គត់ផ្គង់ ដល់ពលករកម្ពុជា ដែលត្រឡប់មកពីប្រទេសថៃ វិញ។ សំឡេង៖ «ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹងនិងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័កឱ្យបានគ្រប់គ្រាន់ពិសេសនៅតាមច្រកព្រំដែនថៃ ។ ខេត្តនៅព្រំដែនថៃគឺជាខេត្តដែលមានពលករច្រើនអ៊ីចឹងត្រូវពិនិត្យ អនុគណៈកម្មការសាងសង់និងជួសជុលដែលមានឧត្តមសេនីយ ខេង សុមេធ ជាប្រធាន ដើរពិនិត្យមើលគ្រែខ្វះខាតត្រូវបំពាក់ ខែនេះចាប់ផ្តើមភ្លៀងធ្លាក់ហើយ ការពារបងប្អូនយើងឱ្យបាន ។ បើទោះបីជាកម្ពុជាក្រ តែកម្ពុជាមិនត្រូវទុកឱ្យប្រជាពលរដ្ឋរបស់ខ្លួនដែលវិលត្រឡប់ពីប្រទេសថៃ ដោយខ្វះការយកចិត្តទុកដាក់ ប្រដាប់ប្រដាប្រើប្រាស់ត្រូវផ្គត់ផ្គង់ឱ្យ ជាមុង ភួយ កន្ទេល សម្ភារ និងការហូបចុក៣ពេល មិនឱ្យខ្វះខាតឡើយ៕