ទូទាំងខេត្តកណ្តាល យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋទូទៅ បានជាង ៧០ភាគរយហើយ
តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត កណ្តាល បានបង្ហាញថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ខេត្តកណ្តាលចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋទូទៅបានជាង ៧០ភាគរយហើយ និង នៅសល់ប្រមាណតែបីថ្ងៃទៀតប៉ុណ្ណោះ ដំណើរការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី១ នៅតាមទីប្រជុំជន និងកម្មកររោងចក្រ តាមក្រុង ស្រុក នៅខេត្តកណ្តាលនឹងត្រូវបិទបញ្ចប់ ហើយក្រុមពេទ្យនឹងដំណើរការចាក់តែដូសទី២។
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាល ខេត្តកណ្តាល បានថ្លែងថា គិតត្រឹមថ្ងៃ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រុមពេទ្យបាននិងកំពុងចុះចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទូទៅនៅ តាមទីប្រជុំជន តាមភូមិ ឃុំ-សង្កាត់ តាមរោងចក្រនានា នៅទូទាំងខេត្តកណ្តាល សម្រេចបានចំនួនជាង៧០ភាគរយ នៃចំនួនវ៉ាក់សាំងដែលត្រូវចាក់ជិត ៦០ម៉ឺននាក់ (៥៩៩.២៥១នាក់) ។
នៅសល់ប្រមាណតែ៣ថ្ងៃទៀត ការចាក់ដូសទី១ នឹងត្រូវបិទបញ្ចប់ ហើយក្រុមពេទ្យនឹងត្រូវបន្តចាក់តែដូសទី២ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ណាដែលបានចាក់ដូសទី១ តែប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បញ្ជាក់ថា នៅក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាទិភាពមាន មន្ត្រីរាជការជួរមុខ នគរបាល មន្ត្រីចូលនិវត្តន៍ និងអាជីវករ ជាដើមកន្លងមក គឺក្រុមពេទ្យចាក់បានប្រមាណជាង៧ម៉ឺននាក់ ។
ដោយឡែកនៅក្នុងយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋទូទៅតាមទីប្រជុំជន និងកម្មករ កម្មការិនី រោងចក្រនានា ដែលកំពុងដំណើរចាក់បានចំនួន១១ថ្ងៃនេះ គឺយើងចាក់បានចំនួនជាង ៤២ម៉ឺននាក់ ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា បច្ចុប្បន្នរដ្ឋបាលខេត្តកណ្តាល មានផែនការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលត្រូវចាក់ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ គឺមានចំនួនប្រមាណជាង ៩០ម៉ឺននាក់៕
ដោយ៖ ណយ នឿន, សុម្រួលផ្សាយ៖ កន ចំណាន (ប្រភពៈមន្ទីរសុខាភិបាលខេត្តកណ្តាល)