រាជរដ្ឋាភិបាល នឹងដំឡើងប្រាក់របបសន្តិសុខសង្គមដល់អតីតយុទ្ធជនឱ្យដល់ ៦៤ ម៉ឺនរៀល

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងឱ្យដឹងតាមរយៈសារលិខិតក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២១នេះថា រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់របបសន្តិសុខសង្គមដល់អតីតយុទ្ធជនឱ្យដល់ ៦៤ម៉ឺនរៀលក្នុងមួយខែ។

ក្នុងសារលិខិតសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានគូសបញ្ជាក់ថា « បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០១ ២៨៧ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥១ ០០៧ នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមេសា ឆ្នាំ២០២០ តទៅ រាជរដ្ឋាភិបាលបានតំឡើងប្រាក់របបសន្តិសុខ សង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងត្រូវបន្ថែមឱ្យដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ»។

ក្នុងនោះប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់គ្រួសារ និងកូនប្រចាំខែរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុងអនុវត្តន៍ដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែ របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបានូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តន៍ជាមួយធនាគារដៃគូនៅទូទាំង២៥ រាជធានី ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គម រៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានផ្តល់ជូនប័ណ្ណថែទាំសុខភាព (ប.ស.ស) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស) ដោយមិនបាច់បង់ប្រាក់។ ក្រៅពីនេះរាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តគោលនយោបាយ ស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការ នៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ភ្នំឆត្រ នៅខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនេះផងដែរ សមាគមអតីតយុទ្ធជនកម្ពុជា និងសម្បុរសជននានា បានកសាងផ្ទះរាប់ពាន់ខ្នង ជូនបងប្អូនអតីតយុទ្ធជន នៅតាមបណ្តាសហគមន៍។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា «ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធខួបលើកទី ១៤ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរម្លឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់យុទ្ធជនយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង»៕ដោយ ជឹម ណារី

អត្ថបទដែលជាប់ទាក់ទង