ព្រឹកនេះកម្ពុជា នឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះ សម្តេចតេជោបានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង។
សម្ដេចតេជោបានប្រកាសដាក់ឱ្យដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រ ចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅ តំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនានេះតទៅ។
សម្ដេចតេជោបានគូសបញ្ជាក់ថា ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករកអស់ រយៈពេលប្រមាណ១៤ ឆ្នាំ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី ទីមួយ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែ មាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបាន ផលិតចេញនៅថ្ងៃនេះ ជាមាសដុំពាក់កណ្ដាលសម្រេច ដែលមានអត្រាមាស៩០ភាគរយ(Gold Doré Bars)។
បើតាមរបាយការណ៍អំពីសមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាស សុទ្ធបានប្រមាណ ៣ (បី) តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង។ ក្រុមហ៊ុន រំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
ជាមួយគ្នានោះដែរ ប្រមុខរាជរដ្ឋាភិបាលក៏បានលើកឡើងថា កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រក រ៉ែតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
សម្ដេចតេជោក៏បានក្រើនរម្លឹកដែរថា អាជីវកម្មរ៉ែមាស គឺជាអាជីវកម្ម ដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យាពិតប្រាកដ។
សម្ដេចតេជោបានអះអាងថា ការវិនិយោគអាជីវកម្មខាងលើមិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ ការដាក់ឱ្យដំណើរការឧស្សហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រ កាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះ ហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញ ពិតប្រាកដ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែង ចម្រាញ់យកមាសដោយ ដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈ សមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ ក៏ពុំមានច្រើនដែរ។
ទន្ទឹមនឹងនេះ ការធ្វើអាជីវកម្ម ទ្រង់ទ្រាយតូចៗបែបនេះ ក៏មិន អាចផ្ដល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្ម ប្រភេទនេះ បង្កនូវ ផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋលះបង់នូវបំណងចង់ ធ្វើអាជីវកម្មរ៉ែមាស ជាលក្ខណៈគ្រួសារ ឬជាលក្ខណៈខ្នាតតូចបន្តទៀតដោយសារក្រុមហ៊ុនរ៉ែទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកប ដោយការទទួលខុសត្រូវដូចក្រុមហ៊ុនអូស្ត្រាលីនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ខ្លួន៕
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, សម្រួលផ្សាយ៖ កន ចំណាន