អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ផ្តល់ជូនពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្នក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលប្រជាពលរដ្ឋបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការណ៍របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកអំណោយផ្តល់ជូនពលរដ្ឋចំនួន ១១គ្រួរសារ នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ដោយក្នុងមួយគ្រួសារៗ ទទួលបាន: អង្ករ ២៥គីឡូក្រាម ត្រីខ ១ឡូ ទឹកស៊ីអីវ ប្រេងឆា ១ដប, ស្ករសរ អំបិល ១គីឡូ។ បន្ទបាប់មកឯកឧត្តមអភិបាលខេត្តក៏បានដឹកនាំក្រុមការងារទៅពិនិត្យមើលទីតាំងសម្រាប់ធ្វើចត្តាឡីស័កនៅចំណុចសាលារៀនឡែងឈូង ស្ថិតនៅភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដាផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី