ប្រមុខរាជរដ្ឋាភិបាល ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។

នៅលើផេកផ្លូវការ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា “ទូលព្រះបង្គំជាខ្ញុំ តាងនាមសមាជិក សមាជិកា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំ សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ជាអង្វែងតរៀងទៅ”៕

ដោយ ជឹម ណារី, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទដែលជាប់ទាក់ទង