រដ្ឋបាលខេត្តកំពត ទទួលការឧបត្ថម្ភនូវសម្ភារជាទ្រុងសំណាញ់ដែកសម្រាប់ដាក់សំរាមសំណល់រឹងនិងប្លាស្ទិក
ទ្រុងសំណាញ់ធ្វើពីដែកសំរាប់ដាក់សំរាមសំណល់រឹង ដែលមានទំហំ៤ម៉ែត្រគុណនឹង២,៥ម៉ែត្រ និងមានកម្ពស់១,៤ម៉ែត្រ ចំនួន១៦ ទ្រុង ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន។ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ ត្រូវបានធ្វើការប្រគល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីដាក់ពង្រាយតាមទីសាធារណៈ និងទីប្រជុំជនផ្សារក្នុងក្រុង និងស្រុកទាំង ៨ក្នុងខេត្តកំពត។
ការប្រគល់នេះ បានធ្វើឡើងនៅសួនច្បារមាត់ព្រែកក្នុងសង្កាត់កំពង់កណ្ដាល ក្រោមវត្តមានចូលរួមពី ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងឱកាសនោះបានបញ្ជាក់ថា បញ្ហាបរិស្ថាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា ក្រសួងបរិស្ថាន បានដាក់ចេញឲ្យអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសនូវគោលនយោបាយនានា ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជន ឲ្យមានប្រសិទ្ធិភាព និងសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមានណសំរាមក្នុងមួយឆ្នាំៗមានការកើនឡើងជាបន្តបន្ទាប់។
ឯកឧត្តម នេត ភក្រ្តា ក៏បានលើកបញ្ជាក់ដែរថា បច្ចុប្បន្នតាមលំនៅដ្ឋាននៃប្រជាពលរដ្ឋកម្ពុជាយើង តែងយកកាកសំណល់សំរាមពីក្នុងផ្ទះទៅបោះចោលក្នុងទីលានសំរាមប្រហែលពី២០ ទៅ ៣០ភាគរយ និង៧០ភាគរយអាចកែច្នៃបាន។ ដូច្នេះដើម្បីធានាបាននូវនិរន្តរភាពនេះក្រសួងបរិស្ថានតែងបានជួយឧបត្ថម្ភគាំពារទាំងស្មារតីសម្ភារៈបច្ចេកទេសដល់រដ្ឋបាលខេត្តគោលដៅចំនួន៤ជាប់មាត់សមុទ្រក្នុងនោះមានខេត្តកំពតផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានចាត់ទុកទ្រុង ដាក់សំរាមដែលផ្ដល់ដោយក្រុមហ៊ុនកូកាកូឡានាពេលនេះគឺជាដៃគូសហការមួយយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តកំពត ក្នុងការប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹងក្នុងទីក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រសួងបរិស្ថាន ដែលតែងតែ ជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈបច្ចេកទេស ដល់រដ្ឋបាលខេត្តកំពតនាពេលកន្លងមក លើវិស័យបរិស្ថាន។ ពិសេសការគ្រប់គ្រងសំរាមប្លាស្ទិក និងសំណល់រឹងសំណល់រាវ កាត់បន្ថយបានពីការបំពុលបរិស្ថាន និងការប៉ះពាល់ដល់សុខភាពសាធារណៈព្រមទាំងបង្កើតបាននូវអនាម័យសោភ័ណភាព និងភាពទាក់ទាញបានកាន់តែល្អប្រសើរឡើងសម្រាប់ខេត្តកំពត។
ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុនកូកាកូឡា ហើយសង្ឃឹមថាក្រុមហ៊ុននឹងកាន់តែបង្កើនកិច្ចសហការជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពតដល់ពេលបច្ចុប្បន្នដែលរដ្ឋបាលខេត្តកំពតបាននឹងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័នានាឲ្យបានកាន់តែល្អប្រសើរបន្តថែមទៀតក្នុងការគាំពារវិស័យបរិស្ថាន និងការគ្រប់គ្រងសំរាម ដើម្បីបរិស្ថានស្អាត និងការលើកកម្ពស់សុខភាពសាធារណៈផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពត