ប្រមុខការពារជាតិស្នើសុំការគាំទ្រពីអន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលពាក់ព័ន្ធនឹងកូរ៉េខាងជើង

​ការិយាល័យ​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Suh Wook កាលពី​ថ្ងៃ​ពុធ​បាន​ពិភាក្សា​អំពី​ស្ថានភាព​សន្តិសុខ​ពិភពលោក​ជាមួយ​សម​ភាគី​របស់លោក​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់ ហើយ​បាន​អំពាវនាវ​ឱ្យ​បន្ត​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កូរ៉េខាងត្បូង​ក្នុងការ​បង្កើត​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​។​

​ ​យោងតាម​ក្រសួង​នេះ​បានឱ្យដឹងថា លោក Suh បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​លើក​ទី ៨ (ADMM-Plus) ដែល​បាន​ធ្វើឡើង​តាមរយៈ​បណ្តាញ​ភ្ជាប់​វីដេអូ​ដែលមាន​ការចូលរួម​ពី​មន្ត្រី​ការពារជាតិ​កំពូលៗ​មកពី​ប្រទេស​អាស៊ាន​ទាំង ១០ និង​ប្រទេស​ជា​សមាជិក​ដៃគូ​សន្ទនា​ចំនួន ៨ គឺ​ប្រទេស​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន ចិន រុស្ស៊ី អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ និង​ឥណ្ឌា​។​

​ ​លោក Suh បាន​និយាយថា «​បើ​គ្មាន​សន្តិ​ភាពជា​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​ទេនោះ សន្តិភាព​នៅ​អាស៊ី​ឥសាន និង​អាស៊ី​ប៉ាស៊ីហ្វិក នឹង​នៅតែ​មិនមាន​ភាព​ពេញលេញ​ដដែល​»​។​

​ ​បន្ទាប់​ម កលោក​បាន​ស្នើសុំ​ការគាំទ្រ​ជា​បន្ត​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ទាំងនោះ ដោយ​លោក​បាន​សង្កត់ធ្ងន់​ទៅលើ​ឆន្ទៈ​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​ចំពោះ​ការអនុវត្ត ខណៈដែល​រក្សា​ជំហរ​ត្រៀមខ្លួន​ដ៏​រឹងមាំ​ជាមួយ​សហរដ្ឋអាមេរិក​។​

​លោក Suh ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ទៅលើ​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​កាន់តែ​ស៊ីជម្រៅ ព្រោះ​ការប្រកួតប្រជែង​ដើម្បី​ធានា​ដល់​អនុត្តរភាព​យុទ្ធសាស្ត្រ​កាន់តែខ្លាំង​ឡើង ហើយ​មានឱកាស​នៃ​ការប៉ះទង្គិច​ដោយ​ចៃដន្យ​ដែល​ជាប់ទាក់ទង​នឹង​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​នានា​។​

​ក្រសួង​នេះ​បាន​និយាយថា បន្ទាប់ពី​កិច្ចប្រជុំ​នោះ លោក Suh បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ឡាវ លោក Chansamone Chanyalath និង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ​ដែល​អំពាវនាវ​ឱ្យមាន​ការបង្កើន​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ការពារជាតិ និង​ឧស្សាហកម្ម​នានា​ដែល​ពាក់ព័ន្ធ​៕ (​ប្រភព Yonhab បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង