កិច្ចប្រជុំកំពូលរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដើម្បីព្យាយាមបញ្ចប់ជម្លោះពាណិជ្ជកម្ម
សហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំកំពូលមួយជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះកាលពីថ្ងៃអង្គារ ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីចូលកាន់តំណែងមក ដើម្បីធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងអាត្លង់ទិក។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែលនោះ លោក បៃដិន បានជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងបណ្តាមេដឹកនាំដទៃទៀតដែលបានឯកភាពគ្នាសម្រាប់កិច្ចសហការបន្ថែមទៀតទៅលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការរៀបចំសម្រាប់បញ្ហាប្រឈមនានាផ្នែកសុខភាពពិភពលោកនាពេលអនាគត។
លោកស្រី Von der Leyen បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលនោះថា ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងភាគីទាំងពីរមិនមានការប្រកួតប្រជែងគ្នានោះទេ ហើយពាណិជ្ជកម្មទ្វេរភាគីមានតម្លៃប្រមាណជិតមួយទ្រីលានអឺរ៉ូកាលពីក្នុងឆ្នាំ ២០២០ បើទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។
សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាផ្អាកសង្គ្រាមនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃរបស់ពួកគេជុំវិញការឧបត្ថម្ភធនយន្តហោះ។ ជម្លោះស្តីពីការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនគូប្រជែង Airbus របស់អ៊ឺរ៉ុប បានបណ្តាលឱ្យមានករណីស្របគ្នាដែលបានដាក់នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ចាប់តាំងពីឆ្នាំ ២០០៤ មក។
ភាគីទាំងពីរបានឯកភាពគ្នាកាលពីខែមីនាសម្រាប់ការព្យួរពន្ធរយៈពេលបួនខែដែលមានតម្លៃ ១១,៥ប៊ីលានដុល្លារអាម៉េរិកទៅលើទំនិញស្រាមកពីអឺរ៉ុបទៅថ្នាំជក់សហរដ្ឋអាមេរិកដែលពួកគេបានដាក់ចេញក្នុងពេលមានជម្លោះ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាដកពន្ធគយរយៈពេល ៥ឆ្នាំ រហូតដល់ពួកគេបន្តកិច្ចពិភាក្សាទៅលើកិច្ចព្រមព្រៀងស្តីពីប្រាក់ឧបត្ថម្ភធន។
ពួកគេក៏បានព្រមព្រៀងគ្នាផងដែរក្នុងការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងសហភាពអឺរ៉ុប – សហរដ្ឋអាមេរិក ដែលមានគោលបំណងពង្រីកពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងពិភាក្សាអំពីវិធីដើម្បីជៀសវាងរបាំងបច្ចេកទេសមិនសមហេតុផលថ្មីៗ និងវិធីធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពលខ្ពស់ពីភាគីសេដ្ឋកិច្ចទាំងពីរ៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល