មន្ត្រីយោធាឈ្មោះ នូវ វណ្ណា ហៅ ប៉ាន់ វណ្ណា ពាក់ព័ន្ធការប្រើអំពើហិង្សាទៅលើម្តាយ មិនព្រមចូលបំភ្លឺតាមការអញ្ជើញរបស់សមត្ថកិច្ច ឥឡូវនេះ សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ដែលមានឈ្មោះថា នូវ វណ្ណា ហៅ ប៉ាន់ វណ្ណា ពាក់ព័ន្ធករណីប្រើអំពើហិង្សាទៅលើម្តាយ កាលពីពេលថ្មីៗនេះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ក្នុងភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបាននគរបាលខណ្ឌព្រែកព្នៅ ហៅចូលមកបំភ្លឺ ប៉ុន្តែមន្ត្រីយោធារូបនេះ មិនព្រមចូលបំភ្លឺតាមការអញ្ជើញរបស់សមត្ថកិច្ចនោះទេ ។

យោងតាមហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ននេះ ផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានកសាងសំណុំរឿងទៅតុលាការដើម្បីចាត់ការបន្ត នីតិវិធីច្បាប់ ។

គួររំលឹកថា មន្ត្រីយោធាម្នាក់ឈ្មោះ នូវ វណ្ណា ឬ ប៉ាន់ វណ្ណា បាននាំប្រពន្ធនិងកូនស្រី ប្រើអំពើហិង្សាលើ លោកយាយចំណាស់និងចៅស្រី២នាក់ នៅចំណុចផ្ទះតូចមួយកន្លែងស្ថិតនៅផ្លូវលេខ១៥១ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ។

នេះបើយោងតាមសម្តីរបស់នារីឈ្មោះ វៃ ស្រីភ័ស ជាជនរងគ្រោះ បានប្រាប់មក TNM NEWS នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ។

នារីឈ្មោះ វៃ ស្រីភ័ស អាយុ២៧ឆ្នាំ ថ្លែងថា នៅពេលមានជម្លោះមួយកើតឡើង នោះ ស្រាប់តែមន្ត្រីយោធាឈ្មោះ នូវ វណ្ណា ហៅ ប៉ាន់ វណ្ណា បានប្រើអំពើហិង្សាដោយប្រើដៃ និង បង្គោលភ្លើង បណ្តាលអោយលោកយាយ និង ចៅ២នាក់ រងរបួសធ្ងន់ស្រាល ។ មូលហេតុនៃជម្លោះ នេះ គឺ កើតឡើងដោយសារជម្លោះវិវាទដីធ្លី នាពេលកន្លងមក ។

ជនរងគ្រោះ បន្តថា ការវាយតប់ទៅវិញទៅមក នេះ គឺ ភាគីខ្លួន បានរងរបួសធ្ងន់ធ្ងរជាង ។ ចំណែកភាគីមន្ត្រីយោធា រងរបួសស្រាល ប៉ុណ្ណោះ ដែលពេលនេះ ខ្លួនបានដាក់ពាក្យបណ្តឹង រួចរាល់ហើយ ។

ជុំវិញការចោទប្រកាន់ នេះ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នេះ TNM NEWS បានទំនាក់ទំនងទៅកាន់ភាគីមន្ត្រីយោធា ដើម្បីសុំការបញ្ជាក់ តែប្រពន្ធលោកជាអ្នកលើក រួចប្រាប់ថា ចាំអោយប្តី តេមកវិញ តែរហូតដល់ពេលរសៀលមិនទាន់ឃើញមានអ្នកតេមកឡើយ ។

ទោះបីយ៉ាងណា TNM NEWS រង់ចាំបំភ្លឺគ្រប់ពេលវេលា ពីភាគីមន្ត្រីយោធា ជុំវិញបញ្ហានៃការចោទប្រកាន់ នេះ ៕

 

     

អត្ថបទដែលជាប់ទាក់ទង