គណបក្សប្រជាជនទទួលស្គាល់ឯកឧត្តម ស៊ុយ ជីហ៊ាង ជាសមាជិកអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារយុវជនគណបក្សអាជ្ញាធរមីន

TNM(ភ្នំពេញ) ៖ នៅព្រឹកសៅរ៍៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ មានការប្រារព្ធពិធីទទួលស្គាល់សមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការកណ្តាលគណបក្សមូលដ្ឋាននៅអាជ្ញាធរមីនកម្ពុជា ក្រោមវត្តមាន ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សមូលដ្ឋានអាជ្ញាធរមីន និងឯកឧត្តម កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ក្រុមការងារយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលស្គាល់ ឯកឧត្តម ស៊ុយ ជីហ៊ាង ជាសមាជិកអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារយុវជនគណបក្ស នៃគណៈកម្មាធិការគណបក្សមូលដ្ឋានអាជ្ញាធរមីន។ ឯកឧត្តម ស៊ុយ ជីហ៊ាង បានប្តេចចិត្តគាំទ្រ និងអនុវត្តន៍តាមគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតកម្លាំងយុវជនគាំទ្រគណបក្សមូលដ្ឋាននៅអាជ្ញាធរមីនកម្ពុជា ព្រមយកប្រៀបឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ឯកឧត្តម កែ ប៊ុនខៀង បានបញ្ជាក់ថា ក្នុងរយៈពេល៤០ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតជាបន្តបន្ទាប់ដឹកនាំប្រទេសធ្វើឱ្យមានការរីកចម្រើន រក្សាបាននូវសន្តិភាព និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចប្រកបការងារបានដោយសេរី និងគ្មានការព្រួយបារម្ភអ្វីឡើយ៕

អត្ថបទដែលជាប់ទាក់ទង