សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯក អគ្គរដ្ឋទូតសាធារណរដ្ឋឆែកថ្មី ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2021 198 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១នេះ បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសមនិងធ្វើសវនាការ នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី។ ឯកឧត្តមអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានមាន ប្រសាសន៍ឱ្យដឹងក្រោយបញ្ចប់ជំនួបថា នៅក្នុងជំនួបឯកឧត្តម Martin Vávra បានគោរពជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់ឯក ឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់ តែធំធាត់ឡើងបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមទៀតថា សាធារណរដ្ឋឆែកមានមនោសញ្ចេតនាចំពោះកម្ពុជា ឈរលើមូលដ្ឋាននេះ ឯកឧត្តមបានសន្យាចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងប្រឹង ប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពា ណិជ្ជកម្ម និងវិស័យវិនិយោគ។ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា សាធារណរដ្ឋឆែកនឹងជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ ជាការឆ្លើយតប សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសម្តែងនូវការស្វាគមន៍និងអបអរសាទរចំពោះឯកឧត្តម Martin Vávra ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជាពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច លើសពីនេះទៅទៀតក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលនៅសេសសល់បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម។ ពាក់ព័ន្ធទៅនឹងបេសកកម្មកាទូតរបស់ឯកឧត្តម សម្ដេចតេជោបានស្នើឱ្យឯក ឧត្តម Martin Vávra យកចិត្តទុកដាក់ទៅលើការជំរុញសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ធនធានមនុស្ស។ សម្ដេចតេជោបានបន្ថែមថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់១០លាននាក់ នៅត្រឹមខែវិច្ឆិកាខាងមុខនេះ ។ សម្ដេចតេជោក៏បានជូនពរឱ្យឯកឧត្តមទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នាពេលខាងមុខ៕ 198 ចែករំលែក