សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ២០ គ្រួសារ ដែលរងផលប៉ះពាល់ពីជំងឺកូវិដ-១៩

សៀមរាប​៖ សមាគម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ បាន​ដឹកនាំ​សមាជិក សមាជិកា ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ចំនួន​២០​គ្រួសារ និង​ប្រជា​ការពារ​ភូមិ​២០​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត និង​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វិដ​-១៩ នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ការចុះ​ចែក​អំណោយ​នេះ គឺធ្វើឡើង​តាម​ការណែនាំ​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ប៉ូ​គា ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ។

​លោក នួន ពុទ្ធា​រ៉ា អភិបាល នៃ​គណ​:​អភិបាលក្រុង​សៀមរាប មានប្រសាសន៍​សំណេះសំណាល ក៏ដូចជា​ការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ថែរក្សា​សុខភាព និង​សូមមេត្តា​ចូលរួម​អនុវត្តតាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ (៣​កុំ និង​៣​ការពារ​) ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ចៀស​ឲ្យ​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ លោក បាន​បន្តថា ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរខេត្ត ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ រួមទាំង​ការចូល​រួមសហការ​ដោយ​បងប្អូន​ប្រជាពលរដ្ឋ​ជាដើម ក្នុងការ​ចូលរួម​ទប់ស្កាត់​នៅ​ជំងឺឆ្លង​កូ​វីដ​-១៩ សម្រាប់​កាត់ផ្តាច់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​: ២០២១ គឺ​សំដៅ​ឆ្ពោះទៅរក​ការ​ងើបឈរ​ឡើងវិញ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្រោម​ការត្រៀម​ទុក​ដោយ​យន្តការ នៃ​យុទ្ធសាស្ត្រ កែប្រែ​វិបត្តិ​កូ​វីដ​ឲ្យ​ក្លាយជា​ឱកាស នៃ​ការអភិវឌ្ឍន៍​ក្នុង​សង្គមជាតិ​។​

​លោក សឹង្ហ សំរិទ្ធ អនុប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តសៀមរាប បានលើកឡើង​ផងដែរ​ថា នៅក្នុង​បរិបទ​កូ​វីដ​-១៩​នេះ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បន្ថែមទៀត នូវ​ការធ្វើ​អនាម័យ​ជាប្រចាំ ដើម្បី​ការពារ​ខ្លួន​យើង ក្រុមគ្រួសារ​យើង ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ផងដែរ ។ អំណោយ​ទាំងនេះ សមាគម​ទទួលបាន​ពីស​ប្បុ​សជន​នានា​ក្នុងការ​ជួយឧបត្ថម្ភ​ដល់​សមាគម ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត សម្រាប់​ចែកជូន​ដល់​បងប្អូន​ពលរដ្ឋ​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។

​ថ្ងៃនេះ​អំណោយ​ដែល​បាន​ប្រគល់ជូន​ប្រជាពលរដ្ឋ​ចំនួន ២០​គ្រួសារ​នោះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ ២០kg, ទឹក​សុទ្ធ ១​កេស​, មី​ម៉ា​ម៉ា ១​កេស​, ត្រីខ ១​យួរ​, ទឹក​ស៊ី​អុ​ី​វ ១​យួរ​, ទឹកត្រី ១​យួរ​, ប្រេងឆា​១​ដប​, ស្ករស ១​គីឡូ​, ប៊ីចេង ១​កញ្ចប់​, អំបិល ១​គីឡូ និង​ថវិការ​ចំនួន​២០,០០០​រៀល ។ ដោយឡែក ចំពោះ​ប្រជា​ការពារ​មាន​ចំនួន ២០​នាក់

​ក្នុង​ម្នាក់ៗ ទទួលបាន​៖ ទឹក​សុទ្ធ ១​កេស​, ម៉ាស ១​ប្រអប់​, ទឹក​អាកុល​១​ដប និង​ថវិការ​ចំនួន​២០,០០០​រៀល ។ ជាមួយគ្នា​នោះ សមាគម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ក៏បាន​ជូន​នៅ​ម៉ាស​ចំនួន ២០​ប្រអប់​, ទឹក​អាកុល ២០​ដប​, ទឹក​សុទ្ធ ៥​កេស​, ដល់​សាលាបឋមសិក្សា​ស្ទឹង​ថ្មី​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

អត្ថបទដែលជាប់ទាក់ទង