ប្រទេសឥណ្ឌូណេស៊ីត្រូវការថវិកាចំនួន ២៤៧ប៊ីលានដុល្លារអាម៉េរិក ដើម្បីសម្រេចគោលដៅនៃបញ្ហាបម្រែបម្រួលអាកាសធាតុ
យោងតាមរបាយការណ៍បច្ចុប្បន្នភាពប្រចាំឆមាសទី ២ ឆ្នាំ ២០១៨ របស់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា ប្រទេសនេះត្រូវការថវិកាចំនួន ២៤៧ប៊ីលានដុល្លារអាម៉េរិក ឬប្រមាណ ៣ ៤៦១ទ្រីលានរូពី ដើម្បីសម្រេចបាននូវការប្តេជ្ញាសម្រាប់បញ្ហាបម្រែបម្រួលអាកាសធាតុរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រាប់រយៈពេលឆ្នាំ ២០១៨ – ២០៣០ ។
នៅក្នុងសិក្ខាសាលាមួយស្តីពីបញ្ហាប្រឈមនៃការបម្រែបម្រួលអាកាសធាតុ ដែលបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែមិថុនា រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati បាននិយាយថា ប្រទេសនេះនឹងត្រូវការថវិកាយ៉ាងហោចណាស់ចំនួន ២៦៦,២ទ្រីលានរូពៀក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពនោះបានឱ្យដឹងថា ចំនួនថវិកាសរុបដែលបានបម្រុងទុកសម្រាប់កម្មវិធីបម្រែបម្រួលអាកាសធាតុរបស់ប្រទេសឥណ្ឌូណេស៊ីមានចំនួន ៤,១ភាគរយនៃថវិកាប្រចាំឆ្នាំរបស់រដ្ឋ ដែលស្មើនឹងប្រមាណ ៨៦,៧ទ្រីលានរូពី។ ដូច្នេះ រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងគៀរគគ្រប់ផ្នែកនៃវិស័យសាធារណៈ និងឯកជន ឱ្យចូលរួមក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុតាមរយៈការគ្រប់គ្រងសម្រាម និងការលើកកម្ពស់ទម្លាប់សន្សំសំចៃថាមពល។
លោកស្រី Indrawati បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋាភិបាលក្នុងការបន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុតាមរយៈការអនុវត្តកម្មវិធីលើកកម្ពស់ការយល់ដឹង និងកម្មវិធីអប់រំសហគមន៍នៅក្នុងមូលដ្ឋានចំនួន ១១ នៅទូទាំងប្រទេស។ នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលគ្រោងនឹងពង្រីកកម្មវិធីនេះទៅកាន់មូលដ្ឋានចំនួន ៦ ផ្សេងទៀត។
ប្រទេសឥណ្ឌូណេស៊ីបានដាក់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងនេះតាមរយៈការចូលរួមចំណែកដែលបានកំណត់ដោយជាតិ (NDCs) ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ២៩ភាគរយ ដោយការខិតខំរបស់ពួកគេ និងឈានរហូតដល់ ៤១ភាគរយជាមួយនឹងការគាំទ្រពីអន្តរជាតិសម្រាប់ឆ្នាំ ២០២០ – ២០៣០ ៕
(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល