ការបង្កបង្កើនផលដំណាំស្រូវក្នុងខេត្តបាត់ដំបង នៅដើមរដូវវស្សាឆ្នាំនេះ បានជាង១០ម៉ឺនហិកតាហើយ
បាត់ដំបង ៖ ស្របពេលដែលទឹកភ្លៀងអំណោយផលពីដើមដៃ ក្នុងរដូវវស្សានា ឆ្នាំ២០២១នេះ ការបង្កបង្កើនផល ដំណាំស្រូវរបស់ប្រជាកសិករ ទូទាំងខេត្តបាត់ដំបង បាន ជាង១០ម៉ឺនហិកតាហើយ ពោលគឺបានជាង៣០ភាគរយនៃផែនការ បើប្រៀបធៀបឆ្នាំមុន គឺល្បឿននៃការដាំដុះ បានលឿនជាងឆ្នាំកន្លងទៅ ។
របាយការណ៍ស្តីពី ការងារ បង្កបង្កើនផលរដូវវស្សា របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង គិតត្រឹមចុងសប្តាហ៍នេះ បានបង្ហាញថា ផែនការដាំដុះស្រូវ ក្នុងខេត្តបាត់ដំបង នៅឆ្នាំនេះមានចំនួន ៣៣០ ០០០ហិកតា ហើយកសិករ បានសម្រុកធ្វើការដាំដុះតាំងពីដើមខែឧសភា បានចំនួន ១០៨ ៧៧៦ហិកតា ស្មើនឹង ៣៤.២៣ភាគរយ ។
មន្រ្តីធនធានទឹកនិង និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពស្រូវដែលកសិករដាំដុះបាននាដើមរដូវនេះ មិនទាន់ជួបបញ្ហាខ្វះខាតទឹកស្រោចស្រព និងរងការខូចខាត នៅឡើយទេ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ហើយទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ របស់ពលរដ្ឋក្នុងខេត្តក៏មានគ្រប់គ្រាន់ ។
លោកបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ នៅពេលខាងមុខ វានឹងមានការប្រែប្រួលបែបណានោះ ត្រូវបន្តតាមដានការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមសិន ។ កសិករនៅខេត្តបាត់ដំបងមួយចំនួន បានលើកឡើងថា នាដើមរដូវវស្សា ឆ្នាំ២០២១នេះ មាន ភ្លៀងធ្លាក់រាយប៉ាយបានល្អជាងឆ្នាំកន្លងទៅ ធ្វើឲ្យការដាំដុះស្រូវបានលឿន ។
កសិករបានបន្ថែមថា ទោះយ៉ាងណាក៏នៅមានការព្រួយបារម្ភ ព្រោះក្រោយពេលពួកគាត់ធ្វើការភ្ជួររាស់ និងព្រោះស្រូវរួចរាល់ នារយៈពេលចុងក្រោយនេះនៅតំបន់ខ្លះភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ធ្វើឲ្យស្រូវមួយចំនួនលូតលាស់មិនសូវបានល្អ និងមានភាពស្រពោនខ្លះៗ តែសង្ឃឹមថា បន្ទាប់ពីមានការព្យាករណ៍ពីក្រសួងធនធានទឹក ថាមានភ្លៀងធ្លាក់ នៅរយៈពេលប៉ុន្មានថ្ងៃនេះ រំពឹងថា មានទឹកគ្រប់គ្រាន់ឡើងវិញ ។
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងធនធានទឹកបានឱ្យដឹងថាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា កម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុងនិរតី និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គួម៉ា លើកទី៤ ហើយចាប់ពីថ្ងៃទី៩ ដល់ទី១៥មិថុនា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមាន ភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរទៅច្រើន ជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគពាយព្យ និងភាគខាងត្បូង ខណៈខេត្តបាត់ដំបង ក៏ស្ថិតក្នុងតំបន់វាលទំនាបកណ្ដាលនេះផងដែរ ។
ក្នុងខេត្តបាត់ដំបងប៉ុន្មានថ្ងៃនេះ ចាប់ផ្ដើមទទួលនូវឥទ្ធិពលព្យុះកូហ្គួម៉ាហើយ ដោយនៅក្នុងក្រុងបាត់ដំបង និងបណ្ដាស្រុកមួយចំនួន ពុំមានថ្ងៃបើក ផ្ទៃមេឃឡើងស្រទំពេញមួយថ្ងៃដល់ល្ងាច ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង និងខ្លះទៀតកម្រិតមធ្យម ៕