អាជ្ញាធរមូលដ្ឋានរួមនិងសហគមន៍ជួសជុលស្ពានទ្រុឌទ្រមជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មានចំនួន 2 ឃុំ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

TNM(ខេត្តសឹ្ទងត្រែង) ៖ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរមូលដ្ឋានរួមនិងសហគមន៍ បានធ្វើការជួសជុលស្ពានឈើចាស់ទ្រុឌទ្រោម មួយកន្លែងឡើងវិញ ស្ថិតនៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ស្ពានឈើនេះដែល មានបងប្អូនប្រជាពលរដ្ឋ ចំនួន 2 ឃុំ ពោលគឺឃុំស្រែឫស្សី និងឃុំអន្លង់ជ្រៃ បានធ្វើដំណើរតាមរថយន្តតូច ធំ ម៉ូតូ ឬគោយន្ត តែងតែដឹកជញ្ជូនកសិផលរបស់ពួកគាត់ឆ្លងកាត់ទៅមកនៅលើស្ពានឈើមួយនេះ ។ ប្រជាពលរដ្ឋពួកគាត់បានលើកឡើងថា ស្ពានឈើចាស់ដែលបានបាក់ទ្រុឌទ្រោមស្ថិតនៅភូមិស្រែឫស្សី ក្នុងឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ឥឡូវនេះត្រូវបានអាជ្ញាធរក្នុងមូលដ្ឋាន និងសហគមន៍ ព្រមទាំងប្រជាពលរដ្ឋ បាននាំគ្នាធ្វើការជួសជុលស្ពានឈើមួយនេះបណ្តើរៗឡើងវិញហើយ ដើម្បីជួយសម្រូលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផលកសិផលផ្សេងៗយកទៅលក់នៅលើទីផ្សារឲ្យបានឆាប់រហ័សទាន់ចិត្ត។ ស្ត្រីម្នាក់ជាប្រជាពលរដ្ឋរស់នៅទីនោះមានឈ្មោះ រំុ រី បានប្រាប់TNM TV online ឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមិថុនានេះថា ស្ពានឈើចាស់ដែលមានសភាពបាក់ទ្រុឌទ្រោម មួយកន្លែងនៅក្នុងភូមិស្រែឬស្សី ឃុំស្រែឫស្សីនេះ មានការទ្រុឌទ្រោមខ្លាំង មានរយ:កាល02ឆ្នាំហើយ ចូលមកក្នុងឆ្នាំនេះ គឺរិតតែទ្រុឌទ្រោមខ្លាំងទៅៗ នៅពេលដល់រដូវវស្សាម្តងៗ ពិតជាពិបាក ក្នុងការធ្វើដំណើរ នៅពេលឆ្លងកាត់លើស្ពាននេះម្តងៗ ធ្វើឲ្យ ញ័ររញ្ជួយស្ពាន ដោយពួកគាត់ភ័យខ្លាចបាក់ស្រុត មិនថាធ្វើដំណើរនៅពេលយប់យប់ ឬនៅពេលថ្ងៃនោះទេ។
ពលរដ្ឋដដែលខាងលើនោះបានបញ្ជាក់ថា ដល់ពេលមើលឃើញសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋបានរួមដៃគ្នាជួយជួសជុលធ្វើស្ពានឡើងវិញ ធ្វើឲ្យពួកគាត់មានការសប្បាយរីករាយនឹងមានភាពកក់ក្តៅ លែងមានការបារម្មណ៍ ពីបញ្ហាហានីភ័យផ្សេងៗដែលកើតឡើងយថាហេតុទៀតហើយ ។

លោក លួន ណាន ជាមេឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបានប្រាប់TNM នៅរសៀលថ្ងៃទី១១ ខែមិថុនានេះថា ស្ពានឈើចាស់ដែលមានសភាពបាក់ទ្រុឌទ្រោមមួយកន្លែងខាងលើនេះ មានប្រវែង32ម៉ែត្រ ទទឹង 05ម៉ែត្រ។ គឺរងការខូចខាត ដោយសាររងទឹកជំនន់ក្នុងរយ:ពេល02ឆ្នាំមកហើយ ធ្វើឲ្យស្ពានមិនអាចទ្រទ្រងនៃទម្ងន់បាននោះទេ សូម្បីតែជិះម៉ូតូ បរកាត់ធម្មតាក៍រញ្ជួយញ័រផងដែរ ។ លោក លួន ណាន មេឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង លោកបានបញ្ជាក់ថា: ការជួសជុលស្ពានចាស់ទ្រុឌទ្រោមមួយកន្លែងនេះ ជាគម្រោងរបស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្ត ហើយក៏បានស្នើសុំទៅថ្នាក់លើបន្តហើយ ថានិងមានផែនការធ្វើស្ពាននេះថ្មី ជាស្ពានថ្ម។ ខណ:ពេលគម្រោងក្រធ្លាក់មកដល់ ណាមួយជួបបញ្ហាជំងឺកូវីដ-19ផងនោះ ខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក៏សម្រេចជួយឧបត្ថមជាថវិកាចំនួន 3លានរៀល។ ដល់ឃុំស្រែឬស្សី ដើម្បីជួសជុលធ្វើស្ពានឈើនេះឡើងវិញ ដោយបង្កឲ្យមានភាពងាយស្រួលដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួន2 ខាងលើនោះ នៅរដូវវស្សាខាងមុខនេះ ។

លោកមេឃុំបានបញ្ជាក់បន្ថែមថា: ការជួសជុលស្ពានឈើចាស់ទ្រុឌទ្រោមមួយកន្លែងនេះ បានឆ្លងយោបល់ទៅថ្នាក់ស្រុក និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អស់ហើយ ក្នុងនោះក៏មានការឧបត្ថមពីសប្បុរសជន ផង ហើយនិងខាងមន្ទីរអភិវឌ្ឍន៍ជនបទផងដែរ រហូតមកដល់ពេលនេះ ខាងកម្លាំងសហគមន៍ជាង200នាក់ បាននាំគ្នាមកជួយជួសជុលធ្វើស្ពានឈើមួយនេះ ដោយសម្រេចបានប្រមាណ ៨០ភាគរយហើយ។ ពោលគឺអាចធ្វើដំណើរ ឬបើកបររថយន្ត ម៉ូតូឬគោយន្តទៅមកបណ្តោះអាសន្នបានហើយ ដោយឡែកចំពោះរថយន្តធំៗដែលដឹកលើសទម្ងន់ ហាមដាច់ខាតមិនឲ្យឆ្លងកាត់ស្ពានមួយនេះឡើយ ៕

(ដោយ: សហការី TNM)

អត្ថបទដែលជាប់ទាក់ទង