ស្ទឹងត្រែង ៖ សមាជិកក្រុមបណ្តុំកសិករនៅស្រុកសេសានខេត្តស្ទឹងត្រែង ព្យាយាមដាំដំណាំឈើហូបផ្លែសម្រេចបានជោគជ័យ ធ្វើឱ្យខេត្តស្ទឹងត្រែងមានចំណាត់ថ្នាក់និងកេរ្តិ៍ឈ្មោះថា ជាខេត្តមានផលិតផលទុរេនផ្អែម មិនចាញ់បណ្តាខេត្តនានានៃប្រទេសកម្ពុជាឡើយ ។

ក្នុងឱកាសចុះសិក្សាពីភាពជោគជ័យទៅលើការដាំដំណាំឈើហូបផ្លែរបស់កសិករនៅឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១មិថុនា លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ភាពជោគជ័យនេះចាត់ទុកជាសមិទ្ធផលថ្មីមួយទៀតដែលកសិករយើងខិតខំធ្វើបានសម្រេចក្នុង វិស័យកសិកម្ម ព្រោះដំណាំទុរេន ខេត្តស្ទឹងត្រែង មិនធ្លាប់មានឡើយ ។

លោកបន្តថា៖ដើម្បីលើកទឹកចិត្តកសិករគំរូ អាជ្ញាធរស្រុកជំរុញកសិករផ្សេងៗទៀតឱ្យមកសិក្សាយកបច្ចេកទេសទៅអនុវត្តតាម ។

ឯផែនការចំពោះមុខ ក្នុងនាមរដ្ឋបាលស្រុក កំពុងតែប្រជុំផ្សព្វផ្សាយដល់បណ្ដុំកសិករដែលបង្កើតដោយមន្ទីរកសិកម្មបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលគាត់មានដីមានធ្លីនិងមានលទ្ធភាពអាចមកមើលទីតាំងនេះ ជាក់ស្តែងផ្ទាល់ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគាត់មានក្តីសង្ឍឹមលើការដាំដុះដំណាំទុរេន នេះ។

លោកឃិនសុខា ម្ចាស់ចម្ការទុរេននៅឃុំកំភុន បានគាំទ្រនូវផែនការរបស់អាជ្ញាធរស្រុក ព្រោះបច្ចុប្បន្នកសិករភាគច្រើន បានផ្លាស់ប្តូរមុខរបររបស់ខ្លួន ពីការពឹងផ្អែកលើផលអនុផល ព្រៃឈើ និងធ្វើនេសាទមកដាំដំណាំផ្សេងៗវិញ ។

លោកបន្តថា៖កត្តាជោគជ័យលើការដំាដំណាំគឺភាពឧស្សាហ៍ព្យាយាម-ការថែទាំ-និងមានការគាំទ្រពីស្ថាប័នជំនាញជួយផ្នែកបច្ចេកទេស ទើបផលដំណាំផលិតបានមានទីផ្សារល្អ ។ យើងចង់បានមន្ត្រីជំនាញគាត់ជួយថែមទៀតលើបទពិសោធន៍ ដើម្បីឱ្យទុរេនខេត្តស្ទឹងត្រែងបាននាំចេញទៅខេត្តផ្សេងៗទៀត ជាពិសេសនាំចូលទៅរាជធានីភ្នំពេញ។

លោកទំ.នីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានទទួលយកការស្នើឡើងនេះព្រោះនៅចំពោះមុខ ផែនការរបស់មន្ទីរ នៅពេលដែលប្រជាកសិករផលិតបាន ផលិតផលច្រើនមុខ មន្ត្រីជំនាញនិងជំរុញផ្នែកដាំដុះបន្ថែម ហើយរៀបចំឱ្យមានមន្ទីរពិសោធន៍ពិនិត្យគុណភាពទៅតាមបច្ចេកទេសស្រប តាមស្ដង់ដារ។ នៅពេលដែលយើងមានមន្ទីរពិសោធន៍ យើង នឹងពិនិត្យមើលជាតិគីមីផ្សេងៗលើដំណាំរបស់គាត់។

សូមបញ្ចាក់ថា៖នេះជាលើក ដំបូងហើយដែលខេត្តស្ទឹងត្រែងមានកសិករនៅឃុំកំភុនស្រុកសេសានដាំដំណាំទុរេនទទួល បានផ្លែផ្កាល្អ និងនាំយកមកលក់នៅលើទីផ្សារ ព្រមទាំងគ្រោងនាំចេញទៅលក់នៅតាមបណ្តាខេត្តនានានិងរាជធានីភ្នំពេញផងដែរ៕