ជម្រើសជាតិកង់ ៣នាក់ត្រៀមចេញទៅហ្វឹកហាត់នៅបារំាង

កីឡាករជម្រើសជាតិកីឡាទោចក្រយាន ៣នាក់ និងគ្រូបង្វឹកម្នាក់បានទៅស្នើសុំទិដ្ឋការពីស្ថានទូតបារំាង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទទួលបានសិទ្ធិទៅបន្តការហ្វឹកហាត់បង្កើនបច្ចេកទេស នៅប្រទេសបារំាងរយៈពេល ៣ខែ ដើម្បីត្រៀមគោលដៅស៊ីហ្គេម នៅប្រទេសវៀតណាម និងស៊ីហ្គេម លើទី៣២ ឆ្នាំ២០២៣។
លោក ខ្លូត ករណី គ្រូបង្វឹកកីឡាទោចក្រយានជម្រើសជាតិកម្ពុជា ដែលត្រូវដឹកនាំកីឡាករទាំង៣នាក់ទៅហ្វឹកហាត់នៅប្រទេស បានបារាំង នាពេលខាងមុខនេះ បានបញ្ជាក់ថា ថ្ងៃនេះយើងបានទៅស្នើសុំការផ្តល់ទិដ្ឋការពីស្ថានទូតបារំាង ដើម្បីចេញទៅហ្វឹកហាត់រយៈពេល៣ខែជាមួយក្រុមកីឡាករអាជីពនៅទីនោះ។ លោកជឿជាក់ថា ការហ្វឹកហាត់នៅប្រទេសអឺរ៉ុបជាលើកដំបូងរបស់កម្ពុជានេះនឹងជួយបង្កើនគុណភាពបច្ចេកទេសកីឡាករយើងកាន់តែល្អប្រសើរបន្ថែមទៀត ពីព្រោះថា យើងនឹងមានការប្រកួតធំៗជាច្រើនទៀត ជាពិសេសគឺគោលដៅស៊ីហ្គេម នៅប្រទេស ចុងឆ្នាំ២០២១ ឬអាចឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
ជម្រើសជាតិប្រណាំងកង់គក់ទាំង៣នាក់នេះ គឺកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមប្រណាំងទោចក្រយានកម្ពុជា ដែលមានទីស្នាក់ការមួយទៀតនៅប្រទេសបារំាងផងដែរ ដោយសមាគមនេះនឹងជួយដល់ការស្នាក់នៅ ហូបចុក និងការធ្វើដំណើរទៅមកក្នុងការហ្វឹកហាត់ និងការប្រកួតដងស្តងបច្ចេកទេសទៀតផង។ កីឡាករជម្រើសជាតិកីឡាទោចក្រយានក៏បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំបន្តការហ្វឹកហាត់នៅប្រទេសបារំាង ដើម្បីបង្កើនគុណភាពបច្ចេកទេសជាមួយក្រុមកីឡាករអាជីព នៅប្រទេសបារំាង និងនាំយកនូវសិទ្ធផលពីការហ្វឹកហាត់នោះមកបម្រើដល់ការប្រកួតនានា សម្រាប់ជាតិកម្ពុជា នាពេលខាងមុខជាបន្ទាបន្ទាប់ ជាពិសេស គឺគោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានលើកឡើងថា តាមពិតការបញ្ជូនកីឡាករជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេសបារំាងនេះមានយូរមកហើយដែរ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបការចេញទៅហ្វឹកហាត់នេះអាក់ខានទៅវិញ ហើយនៅពេលនេះទើបយើងទទួលបានឱកាសចេញទៅបង្កើនបច្ចេកទេសសាជាថ្មី។ លោកអះអាងទៀតថា ការហ្វឹកហាត់នៅក្រៅប្រទេសនេះ ត្រូវាបានធ្វើឡើងក្រោមការជួយជ្រោមជ្រែងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយធ្វើយ៉ាងប្រឹងប្រែងជំរុញឲ្យគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីប្រណាំងកង់ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ការប្រកួតអន្តរជាតិ ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣។ តាមការគ្រោងទុក នាពេលខាងមុខសហព័ន្ធនឹងបញ្ជូនកីឡាការិនី១ក្រុមទៀតចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដែរ៕
អត្ថបទដែលជាប់ទាក់ទង