មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់លោកយាយ ឃិន ឌី ភេទអាយុ ៧០ឆ្នាំ ចាស់ជរាគ្មានទីពឹងនៅ ក្រុងស្ទឹងសែន
(ខេត្តកំពង់ធំ) ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់លោកយាយ ឃិន ឌី អាយុ ៧០ឆ្នាំ ចាស់ជរាគ្មានទីពឹង រស់នៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
មានប្រសាសន៍ក្នុងឱកាសនោះ មន្ត្រីប្រតិបត្តិសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំដោយក្តីនឹករលឹក ជាមួយការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខ លំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ក្នុងពេលជាមួយគ្នានោះមន្ត្រីប្រតិបត្តិសាខា អំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថែររក្សាសុខភាពត្រូវមានអនាម័យនិងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ-១៩ ។
អំណោយដែលផ្តល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ២០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺតចំនួន២ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ តង់១ ទឹកសុទ្ធ១កេសនិងថវិកាមួយចំនួន ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ