អាស៊ាន និងកូរ៉េខាងត្បូងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តដើម្បីជំរុញភាពជាដៃគូ
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមរវាងអាស៊ាន – កូរ៉េខាងត្បូង (JCC) ដែលបានធ្វើឡើងតាមរយៈសន្និសីទវីដេអូ។
កិច្ចប្រជុំនោះបានកត់សម្គាល់អំពីវឌ្ឍនភាពល្អនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលរួមមានការដាក់ចេញនូវលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន – សាធារណរដ្ឋកូរ៉េ លើកទី ២១ និងសកម្មភាពដើម្បីអនុវត្តនូវវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការក្រោមផែនការសកម្មភាពអាស៊ាន – កូរ៉េខាងត្បូង (ឆ្នាំ ២០២១-២០២៥) ។
ពួកគេបាននិយាយថា កិច្ចសហប្រតិបត្តិការត្រូវបានបន្តពង្រឹង បើទោះបីជាមានផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសនៅក្នុងវិស័យសុខភាពសាធារណៈ ការគ្រប់គ្រងគ្រោះមហន្តរាយ ការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់ទំនាក់ទំនងគ្នាក៏ដោយ។
កិច្ចប្រជុំនោះបានបង្ហាញអំពីទំនាក់ទំនងមិត្តភាពរវាងអាស៊ាន – កូរ៉េខាងត្បូង និងការគាំទ្ររបស់កូរ៉េខាងត្បូងចំពោះអាស៊ាន និងបណ្តារដ្ឋជាសមាជិកអាស៊ាន ក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ រួមទាំងការផ្តល់ជំនួយវេជ្ជសាស្ត្រ និងសម្ភារៈវេជ្ជសាស្ត្ររបស់កូរ៉េខាងត្បូងដល់រដ្ឋជាសមាជិកអាស៊ាន និងការចូលរួមចំណែករបស់ខ្លួនក្នុងមូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ផងដែរ។
អាស៊ានបានស្វាគមន៍ចំពោះគោលនយោបាយបូកភាគខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង ដែលមានគោលបំណងជំរុញទំនាក់ទំនងរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅស្របតាមសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន។
ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ចឌីជីថល ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាពសាធារណៈ ទីក្រុងឆ្លាតវៃ និងការច្នៃប្រឌិត ការតភ្ជាប់ទំនាក់ទំនង ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស។ សកម្មភាព និងគម្រោងនៃកិច្ចសហប្រតិបត្តិការផ្សេងៗគ្នាកំពុងត្រូវបានអនុវត្តនៅក្នុងវិស័យទាំងនេះ ដោយមានការគាំទ្រពីមូលនិធិសហប្រតិបត្តិការអាស៊ាន – កូរ៉េខាងត្បូង។
កិច្ចប្រជុំគណៈកម្មាធិការ JCC អាស៊ាន – សាធារណរដ្ឋកូរ៉េ លើកទី ៨ ត្រូវបានដឹកនាំដោយសហប្រធានតំណាងអចិន្ត្រៃយ៍នៃប្រទេសប្រ៊ុយណេប្រចាំអាស៊ាន លោក Pengiran Hairani Pengiran Tajuddin និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅអាស៊ាន លោក Lim Sungnam ៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល