រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវឲ្យពលរដ្ឋ បន្តចូលរួមការពារខ្លួន ពីការឆ្លងកូវីដ-១៩

ស្វាយរៀង៖ រដ្ឋបាលខេត្ត ស្វាយរៀង បានអំពាវនាវឲ្យពលរដ្ឋ បន្តចូលរួមការពារខ្លួន ពីការឆ្លងកូវីដ-១៩ ខណៈដែលអត្រានៃការរាតត្បាតនៃជំងឺកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់ ដែលនាំឲ្យមានការព្រួយបារម្ភ និងពិបាកក្នុងការគ្រប់ គ្រង។

លោកតូច ប៉ូលីវ៉ា អភិបាលរង ខេត្ត ស្វាយរៀង បានមានប្រសាសន៍ថា នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀងឥឡូវនេះ បានរកឃើញនូវករណីឆ្លងថ្មីក្នុងខេត្ត កើតឡើងជាបន្តបន្ទាប់ ហើយឥឡូវនេះ វាពិតជាស្ថានការណ៍មួយ ដែលពិបាកក្នុងការគ្រប់ គ្រង ដោយក្នុងនោះ មានអ្នកវិជ្ជមានកូវីដ-១៩ ក៏កាន់តែមានចំនួនច្រើនជាងមុន ។ លោកបានបន្តថាជំងឺនេះ កើតដោយពុំបានដឹងខ្លួន ហើយជាពិសេសគឺគាត់ជាបុគ្គលក្រៅការគ្រប់គ្រងរបស់អាជ្ញាធរ ដែលនេះពិតជាមានហានិភ័យខ្លាំង ក្នុងការចម្លងចូលក្នុងសហគមន៍ ។ លោក បានបន្តទៀតថា ចំពោះការកើនឡើងនេះ អាជ្ញាធរខេត្តស្វាយរៀង ទាមទារឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបន្តការ សហការអនុវត្តវិធានការការពារ របស់រាជរដ្ឋាភិបាល ឲ្យបានជាប់ជាប្រចាំ។

ខេត្តស្វាយរៀងយើងកំពុងតែមានការកើនឡើងគួរឲ្យព្រួយបារម្ភ យើងចេះតែរកឃើញជាបន្តបន្ទាប់ទៅលើកម្មករកាត់ដេរផង ទៅលើអ្នកលក់ដូរតាមភូមិ និងលក់ដូរនៅតាមកន្លែងផ្សេងៗផង តាមផ្សារផង ដែរ កត្តាដែលគួរឲ្យបារម្ភនោះ គឺក្រុមអ្នកដែលយើងមិនបានគ្រប់គ្រងគាត់ បានន័យថា បានរកឃើញទៅលើក្រុមដែលមិន មែនជាក្រុមធ្វើចត្តាឡីស័ក បើយើងរកឃើញនៅក្រុមដែលគាត់ធ្វើចត្តាឡីស័ក គឺការចម្លងរបស់គាត់មានតិចណាស់ បានន័យថាគ្រប់គ្រងបានគ្រប់ជ្រុងជ្រោយ ហើយកកើតក្នុងចំណោមហ្នឹងដែរ ប៉ុន្តែអ្នកដែលក្រៅពីការធ្វើចត្តាឡីស័ក ដែលយើងរកឃើញនេះ គឺជាចំណុចមួយដែលគួរឲ្យបារម្ភ និងមានហានិភ័យខ្ពស់អាចចម្លងទៅក្នុងសហគមន៍បាន មានសភាព លឿនហើយច្រើន ហើយជាពិសេសបងប្អូនកម្មករកម្មការិនី ឬក៏អ្នកចំណាកស្រុកដែលត្រឡប់មកពីក្រៅស្រុក មកពីប្រទេសថៃជាដើម ដែលកំពុងតែរកឃើញដែរ។

លោកបានបន្តថា មកដល់ពេលនេះ ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ កំពុងតែមានការកើនឡើងគួរឲ្យព្រួយបារម្ភ ជាពិសេស ការរកឃើញបន្តបន្ទាប់ទៅលើកម្មករ កម្មការិនីរោងចក្រផង និងទៅលើអ្នកលក់ដូរតាមទីប្រជុំជនផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀង មានរោងចក្រសហគ្រាសសរុបចំនួន១៨៩កន្លែង ក្នុងនោះ មានចំនួន២៤រោងចក្រសហគ្រាសដែលបានឆ្លងជំងឺកូវីដ១៩។

គិតត្រឹមល្ងាចថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២១ ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០៨៧នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន៦០៣នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន៤៧៦នាក់ និងមានអ្នកស្លាប់៧នាក់៕

អត្ថបទដែលជាប់ទាក់ទង