ក្រសួងសុខាភិបាលនៅតែបន្តរឹតបន្តឹងក្នុងការអនុវត្តវិធានសុខាភិបាល បើទោះបីមានវ៉ាក់សាំងក៏ដោយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅតែបន្តរឹតបន្តឹងក្នុងការអនុវត្តវិធានសុខាភិបាល បើទោះបីមានប្រជាពលរដ្ឋខ្លះទទួលបានវ៉ាក់សាំង រួចហើយក្តី ព្រោះវ៉ាក់សាំងអាចត្រឹមតែជួយកាត់បន្ថយបាននូវភាពឈឺធ្ងន់ធ្ងរពីការវាយលុករបស់វីរុសកូវីដ-១៩ និងកាត់បន្ថយបានជាអតិបរមានូវអត្រាចូលសម្រាកពេទ្យ និងអត្រាមរណភាពប៉ុណ្ណោះ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះទោះបីកម្ពុជាបាននិងកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយរលូនក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងសុខាភិបាល នៅតែបន្តខិតខំណែនាំនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាប់ជាប្រចាំ ពីការអនុវត្តវិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំនិង៣ការពារ ដោយសារវ៉ាក់សាំងកូវីដ១៩ មិនអាចធានាបាន១០០ភាគរយ ពីការឆ្លងជំងឺកូវីដ-១៩នោះឡើយ ។ ដូច្នេះហើយ ទើបក្រសួងសុខាភិបាលនៅតែបន្តណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសកម្មករ កម្មការីនី ដែលនៅកន្លែងដែលមានបញ្ហាប្រឈម ត្រូវបន្តអនុវត្តវិធានសុខាភិបាលទាំងអស់គ្នា ដើម្បីចៀសផុតពីការចម្លងជំងឺកូវីដ-១៩ ហើយប្រសិនបើប្រជាពលរដ្ឋធ្វើបាន កម្ពុជានឹងអាចមានសភាពធូរស្រាលឆាប់ៗ ជាមួយនឹងការចាក់វ៉ាក់សាំងបាន យ៉ាងច្រើននេះផងដែរ ។

 «ក្រសួងសុខាភិបាលតែងផ្សព្វផ្សាយព័ត៌មាន ហើយសម្ដេចតេជោ លោកតែងតែផ្សព្វផ្សាយនិងណែនាំទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់គ្រប់ខេត្ត-ក្រុង ជាពិសេសតំបន់នៅតាមរោងចក្រ ដែលមានកន្លែងចង្អៀត មានកម្មកររស់នៅច្រើន ឱ្យនៅតែរក្សានូវការរឹតត្បិតការអនុវត្តវិធាន ៣កុំ ៣ការពារ ដដែល បើទោះបីមានវ៉ាក់សាំង ព្រោះវ៉ាក់សាំងអាចជួយមិនឱ្យជំងឺនេះមានគ្រោះថ្នាក់ ប៉ុន្តែវ៉ាក់សាំងមិនអាចទប់ស្កាត់នូវការចម្លងបាន នោះទេ ដូច្នេះប្រសិនបើយើងប្រហែសបន្តិច គឺវាងាយស្រួល នៅក្នុងការចម្លងមកខ្លួនយើង ជាពិសេសកម្មករ កម្មការិនី ដែលគាត់ធ្វើការផ្ដុំគ្នានៅកន្លែងមានការហូបចុកជុំគ្នា គឺសូមឱ្យរក្សាគម្លាត ពាក់ម៉ាស់ ឧស្សាហ៍លាងដៃ សម្អាតបរិស្ថាន ព្រោះបើសិនជាយើងមិនអាចសម្អាតខ្លួនមុននឹងត្រឡប់ទៅផ្ទះ គឺនឹងមានហានិភ័យទៅដល់បងប្អូនចាស់ៗនៅក្នុងផ្ទះសម្បែង » ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនិងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន ២,៧៦៦,១៩៨នាក់ ៕

អត្ថបទដែលជាប់ទាក់ទង