ខ្ចៅនៅខេត្តកំពង់ចាម ល្បីមានរស់ជាតិឆ្ងាញ់ពិសា សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 8 ខែ មិថុនា ឆ្នាំ 2021 133 កំពង់ចាម ៖ រស់ជាតិខ្ចៅធម្មជាតិរបស់ខេត្តកំពង់ចាម កំពុងទទួលបានការពេញនិយមខ្លាំង ល្បីថាឆ្ងាញ់ពីសំណាក់អ្នកបរិភោគ ទាំងនៅក្នុងខេត្តផ្ទាល់ និងអ្នកនៅតាមបណ្ដាខេត្តនានា ដែលធ្វើឲ្យអ្នកប្រកបរបរប្រភេទនេះទទួលបានប្រាក់ចំណូលជាច្រើន។ លោក រឿង ភឿក ជាអ្នករកខ្ចៅ និងចែកចាយបន្ត នៅខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាថា ជារៀងរាល់ឆ្នាំ នៅពេលដល់រដូវខ្ចៅដូង ម្ដងៗ លោកពូ មមាញឹកខ្លាំង ចេញទូកពីយប់ទៅរកខ្ចៅនៅតាមទន្លេ យកមកលក់ ដើម្បីបំពេញតម្រូវការតាមការកុម្មង់ទុករបស់អតិថិជន ។ លោកបន្តថា មួយថ្ងៃ លោកអាចរាវខ្ចៅដូងបានពី៤ធុងទៅ៥ធុង ដោយមួយធុងមានចំណុះ២០គីឡូក្រាម ដើម្បីទុកជូនអតិថិជនដែលបាន កុម្មង់ទុក ។ ” អ្នកដែលកុម្មង់ទៅភាគច្រើនទៅភ្នំពេញ មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង គឺធ្វើការកុម្មង់មុនមួយថ្ងៃឡើងទៅ យើងចុះរាវឲ្យគេ គឺតាមសំដីអតិថិជនខ្ចៅហ្នឹងមានរស់ជាតិឆ្ងាញ់ អាតូចៗខ្ញុំលក់បោះដុំឲ្យគេ អាធំៗខ្ញុំលក់ខ្លួនឯង ក្នុងមួយថ្ងៃខ្ញុំរកបានជាមធ្យមពី ៤០ម៉ឺនទៅ ៥០ ម៉ឺន តាមរកបានតិចឬក៏បានច្រើនបើគិតទៅក្នុងមួយរដូវកាល ៣ ខែ ក្នុងមួយឆ្នាំយើងរកបាន ៣ ពាន់ដុល្លារ ក្រោយពីផាត់ចំណាយអស់ នៅសល់លុយប៉ុណ្ណឹង”។ លោកបន្ថែមថា នៅពេលទឹកឡើងគឺសម្បូរខ្ចៅដូង រាល់ថ្ងៃលោកពូប្រើពេល៦ម៉ោងក្នុងការរាវខ្ចៅ ដោយជិះទូកចេញពីកំពង់ផែ ក្នុងចម្ងាយប្រមាណ ២០ម៉ែត្រ ទើបចុះមុជទឹករាវ ដោយប្រើសំណាញ់អួន ដេរជាយផង សម្រាប់កាយខ្ចៅចូល រួចពេលយកមកដល់ លើគោកត្រូវរើសបែងចែកទៅតាមទំហំប្រភេទខ្ចៅ ។លោកពូ រឿង ភឿក រករបរនេះជាង១០ឆ្នាំមកហើយ។ អ្នកស្រី ដា នីតា ជាអតិថិជននៅខេត្តកំពង់ចាម បានឲ្យដឹងថា រស់ជាតិខ្ចៅដូងនៅក្នុងខេត្តកំពង់ចាមនេះគឺឆ្ងាញ់ណាស់ហើយជារៀងរាល់ឆ្នាំ អ្នកស្រីមិនដែលអាក់ខានម្ដងណាឡើយ សម្រាប់ការបរិភោគខ្ចៅដ៍ឆ្ងុយឆ្ងាញ់នេះ ។ អ្នកស្រីថា បើយើងចេះកែច្នៃខ្ចៅដូងនេះ យកទៅធ្វើជាម្ហូបផ្សេងៗ ទៀត នឹងធ្វើឲ្យសម្លនោះកាន់តែមានរសជាតិឆ្ងាញ់ប្រសើរ។ សម្រាប់ខ្ចៅនៅខេត្តកំពង់ចាមគឺយើងដឹងរួចមកហើយនៅរដូវនេះគឺដឹងតែសម្បូរហើយ ពិសេសនៅក្នុងខែហ្នឹងហ្មង បើសិនជាអត់បានញ៉ាំខ្ចៅ ឬអត់បានស្លទំពាំងដាក់ខ្ចៅទេ វាមានអារម្មណ៍ថាស្ដាយ ព្រោះនៅក្នុងខែហ្មឹង សាច់ខ្ចៅគឺពេញល្អ មានរសជាតិឆ្ងាញ់ មិនថាខ្ចៅតូចធំទេ ពិសេសគឺខ្ចៅនៅខេត្តកំពង់ចាមហ្នឹងហ្មង សាច់ណែន ហើយបើគាត់ចេះរបៀបស្ងោរទៀតគឺឆ្ងាញ់ ដូចជាស្ងោរទឹកផ្អកធ្វើឲ្យខ្ចៅមានរស់ជាតិកាន់តែឆ្ងាញ់ពិសេសគឺនៅក្នុងកំពង់ចាមហ្នឹង អ្នកខ្លះគាត់ច្នៃទៅជាឆាគ្រឿងខ្ចៅ ខខ្ចៅ មានរសជាតិឆ្ងាញ់ខ្លាំងណាស់។ សូមបញ្ចាក់ថា ជារៀងរាល់ឆ្នាំនៅរដូវខ្ចៅដូង ដែលសម្បូរគឺមានចាប់ពីចុងខែមេសាដល់ដើមខែឧសភា ៕ 133 ចែករំលែក