ឯកឧត្តម នេត្រ ភក្ត្រា ៖ កម្ពុជាមានសត្វក្ងោកបៃតងចន្លោះពី២ពាន់ទៅ៣ពាន់ក្បាល សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 8 ខែ មិថុនា ឆ្នាំ 2021 155 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាមានសត្វក្ងោកបៃតងចន្លោះពី២.០០០ ទៅ៣.០០០ ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា ហើយពួកវាប្រឈមការរងគ្រោះដោយការបរបាញ់ និងការដាក់អន្ទាក់ ដើម្បីយកស្លាប និងសាច់របស់វា។ ថ្លែងបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តមបានបញ្ជាក់ថា វត្តមានសត្វក្ងោកបៃតងភាគច្រើន គឺនៅតំបន់ភូមិភាគខាងកើតទន្លេមេគង្គក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្នុងនោះដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានប៉ាន់ប្រមាណមានចំនួន៩៦៦ក្បាល និងនៅដែនជម្រកសត្វព្រៃសៀមប៉ាងមានប្រមាណ៥៧០ក្បាល ខណៈដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងខេត្តមណ្ឌលគិរី ឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរី ក៏ត្រូវបានសិក្សាឃើញមានវត្តមានសត្វក្ងោកផងដែរ។ ក្រៅពីនោះ សត្វក្ងោកបៃតងមានវត្តមាននៅក្នុងតំបន់អភិរក្សជួរភ្នំក្រវាញ និងតំបន់មួយចំនួនទៀត ដែលមួយតំបន់ៗអាចមានចន្លោះពី៥០ទៅ១០០ក្បាល។ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម បានថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស និងអង្គការដៃគូ ដែលបានរួមសហការគ្នាការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា។ សត្វក្ងោកបៃតង ត្រូវបានចាត់ក្នុងចំណាត់ថ្នាក់ជាប្រភេទសត្វកម្រស្ថិតក្នុងគ្រោះថ្នាក់នៅភពផែនដី នៅក្នុងបញ្ជីក្រហមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ហៅកាត់ IUCN។ ចំនួនសត្វក្ងោកប្រភេទនេះ ត្រូវបានកត់សម្គាល់ថា កើនឡើងច្រើននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី រួមនឹងដែនជម្រកសត្វព្រៃផ្សេងទៀតនៅតំបន់ភាគខាងកើតទន្លេមេគង្គ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈនិន្នាការនៃចំនួនសត្វក្ងោកបៃតងនៅលើពិភពលោកមានការថយចុះ។ តាមការសិក្សារបស់អ្នកជំនាញ បានបង្ហាញថា បច្ចុប្បន្ន នៅលើពិភពលោកនៅមានសត្វក្ងោកពេញវ័យចន្លោះពី ១៥.០០០ ទៅ ២០.០០០ក្បាល។ កម្ពុជាត្រូវបានគេវាយតម្លៃថា មានសត្វក្ងោកបៃតងដែលជាប្រភេទសត្វកម្រច្រើនជាងគេនៅលើពិភពលោក ខណៈប្រទេសមួយចំនួនទៀតដូចជាប្រទេសចិន វៀតណាម ថៃ ឡាវ និងឥណ្ឌូនេស៊ី ត្រូវបានប៉ាន់ស្មានថា មានចំនួនក្រោម ១.០០០ក្បាល ក្នុងប្រទេសនីមួយៗ៕ 155 ចែករំលែក