រដ្ឋបាលរខេត្តបាត់ដំបង បង្កើនមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន២ទៀតនៅតំបន់ព្រំដែន
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ចំនួនពលករខ្មែរឆ្លងដែនមកពីប្រទេសថៃ ចូលមកស្រុកកំណើតវិញមានការកើនឡើង ហើយអត្រាអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ ធ្វើឱ្យមណ្ឌលព្យាបាលអ្នកជំងឺនៅតាមបណ្តាមន្ទីរពេទ្យបង្អែកនានារួមនឹងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងក៏ពេញផងនោះ រដ្ឋបាលខេត្តបាត់ដំបងសម្រេចធ្វើការពង្រីកបន្ថែមមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួន២ទីតាំងទៀតស្ថិតនៅតំបន់ព្រំដែន។
លោក សឿម ប៊ុនរិទ្ធិ មានប្រសាសន៍ដូចនេះនៅពេលលចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅវិទ្យាល័យកំរៀង នាថ្ងៃ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។
លោកអភិបាលរងខេត្ត បានបន្តថា មណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួន២ទីតាំងថ្មីនេះគឺនៅវិទ្យាល័យកំរៀង ស្រុកកំរៀងមួយកន្លែង និង ទីតាំងបម្រុងមួយកន្លែងទៀតស្ថិតនៅសាលាបឋមសិក្សាជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោកសង្កត់ធ្ងន់ថា តាំងពីព្រឹត្តិការណ៍ការផ្ទុះជំងឺកូវីដ-១៩នៅក្នុងខេត្តប៉ៃលិន ហើយរាលដាលដល់ខេត្តបាត់ដំបង រហូតមកដល់ពេលនេះ គឺរដ្ឋបាលខេត្ត និង រដ្ឋបាលស្រុកកំរៀង រួមជាមួយមន្ត្រីជំនាញសុខាភិបាល ទប់ស្កាត់បានទាន់ពេលវេលា មិនឱ្យមានការឆ្លងរាលដាលចូលទៅក្នុងសហគមន៍បន្ថែមទៀតនោះទេ ។ ពេលនេះរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមរួចជាស្រេចនូវមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ខណៈដែលរហូតមកដល់នឹងពេលនេះ អ្នកជំងឺកូវីដ-១៩ កំពុងតែមានឆ្លងជារៀងរាល់ថ្ងៃ ហើយមណ្ឌលព្យាបាលថ្មីនេះ អាចឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទស្រាលសម្រាប់សម្រាកព្យាបាល តែបើអ្នកជំងឺកូវីដ-១៩ ធ្ងន់នឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកតាមបណ្តាស្រុក ឬមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ដោយឡែកនៅស្រុកសំពៅលូន ក៏បានរៀបចំមណ្ឌលព្យាបាលមួយកន្លែងទៀត ដែលជាមណ្ឌលបម្រុងប៉ុណ្ណោះ ។
លោក អភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ បើមានការសង្ស័យពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅណា ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូ វីដ-១៩ សូមចូលរួមសហការជាមួយមន្ត្រីជំនាញសុខាភិបាលធ្វើតេស្តរហ័ស ដើម្បីឱ្យដឹងថា តើមានជាប់ពាក់ព័ន្ធ ឬក៏ឆ្លងជំងឺកូវីដ-១៩នេះ ដែរឬទេ ? ៕
ដោយ ណយ នឿន, សម្រួលផ្សាយ៖ កន ចំណាន (ប្រភព: រដ្ឋបាល ខេត្តបាត់ដំបង)