គំរោង «ដីស្រែសន្តិភាព» នឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ
កាលពីថ្ងៃចន្ទ ក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា គម្រោងរបស់រដ្ឋាភិបាលខេត្ត Gyeonggi ក្នុងការប្រែក្លាយតំបន់ព្រំដែនអន្តរកូរ៉េទៅជា «ដីស្រែសន្តិភាព» និងដាំដំណាំស្រូវនៅទីនោះសម្រាប់ប្រទេសកូរ៉េខាងជើង អាចបង្កើតលក្ខខណ្ឌវិជ្ជមានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរកូរ៉េបន្ថែមទៀត។
យោងតាមក្រសួងបង្រួបបង្រួមបានឱ្យដឹងថា រដ្ឋាភិបាលខេត្តកំពុងជំរុញគម្រោងនេះដោយសហការជាមួយសម្ព័ន្ធភាពប្រជាជនកូរ៉េ ក្នុងការប្រែក្លាយតំបន់ក្បែរទំនប់វារីអគ្គីសនី Gunnam ដែលត្រូវបានសាងសង់នៅទីក្រុង Yeoncheon ដែលជាទីក្រុងព្រំដែនរបស់កូរ៉េខាងត្បូងនៅចម្ងាយ ៦២គីឡូម៉ែត្រភាគខាងជើងទីក្រុងសេអ៊ូល ដើម្បីទប់ទល់នឹងការហូរទឹកចេញភ្លាមៗពីកូរ៉េខាងជើង
លោក Lee Jong-joo អ្នកនាំពាក្យក្រសួងបង្រួបបង្រួមបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានទៀតទាត់មួយថា «យើងជឿជាក់ថា នៅពេលដែលគម្រោងកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងបរិស្ថានបែបនេះត្រូវបានអនុវត្តនៅក្នុងតំបន់នោះ វានឹងបង្កើតលក្ខខណ្ឌវិជ្ជមានសម្រាប់ការឆ្លើយតបរួមគ្នាប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ រួមទាំងការព្យាករទឹកជំនន់ និងការព្រមាន ព្រមទាំងសម្រាប់ការជជែកពិភាក្សាបន្ថែមទៀតអំពីការប្រើប្រាស់ធនធានទឹករួមគ្នាផងដែរ»។
យោងតាមកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខារវាងប្រទេសកូរ៉េទាំងពីរកាលពីខែតុលា ឆ្នាំ ២០០៩ បានឱ្យដឹងថា កូរ៉េខាងជើងបានយល់ព្រមជូនដំណឹងដល់កូរ៉េខាងត្បូងជាមុនអំពីផែនការរបស់ខ្លួនក្នុងការបើកទំនប់ទឹក បន្ទាប់ពីមានឧប្បត្តិហេតុដ៏អាក្រក់មួយដែលបានសម្លាប់ជនជាតិកូរ៉េខាងត្បូង ៦នាក់ បន្ទាប់ពីកូរ៉េខាងជើងបានបង្ហូរទឹកចេញពីទំនប់ Hwanggang ដោយគ្មានការជូនដំណឹងជាមុន។
ទោះជាយ៉ាងណា ប្រទេសកូរ៉េខាងជើងបានបង្ហូរទឹកចេញពីទំនប់ទឹករបស់ខ្លួនជាច្រើនដងកាលពីឆ្នាំមុនដោយមិនបានជូនដំណឹងដល់កូរ៉េខាងត្បូងជាមុននោះទេ៕ (ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល