ប្រជាជនកូរ៉េខាងត្បូងចំនួន ៣៦លាននាក់នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងនៅត្រឹមខែកញ្ញា
កាលពីថ្ងៃចន្ទ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេ-អ៊ីន បាននិយាយថា ប្រជាជនកូរ៉េខាងត្បូងចំនួន ៣៦លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចដូសដំបូងនៅត្រឹមខែកញ្ញាខាងមុខនេះ។ចំនួននេះតំណាងឱ្យ ៧០ភាគរយនៃប្រជាជនសរុបរបស់ប្រទេសនេះ។
ខណៈដែលលោកធ្វើជាប្រធាននៃកិច្ចប្រជុំអន្តរកម្មពិសេស ស្តីពីការបង្ការ និងការគ្រប់គ្រង់ការឆ្លងមេរោគកូរ៉ូណាវីរុស នៅឯការិយាល័យ Cheong Wa Dae លោក មូន បានលើកឡើងអំពីលទ្ធភាពដែលថា ប្រជាជនជាង ១៤លាននាក់នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងនៅចុងខែមិថុនានេះ។
លោកបាននិយាយថា ប្រសិនបើសម្រេចបាន អត្រាស្លាប់ និងចំនួននៃការឆ្លងបន្ថែមនឹងមានការថយចុះ ដែលនឹងកាត់បន្ថយបន្ទុកនៃការត្រួតពិនិត្យវីរុសនេះ។
លោកប្រធានាធិបតីរូបនេះបាននិយាយថា នៅក្នុងខែកក្កដាខាងមុខ រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនដែលមានអាយុចាប់ពី ៥០ឆ្នាំឡើង ដោយលោកបាននិយាយបន្ថែមថា យ៉ាងហោចណាស់ ដូសទីមួយនៃវ៉ាក់សាំងនឹងត្រូវបានផ្តល់ឱ្យប្រជាជនចំនួន ៣៦លាននាក់ក្នុងអំឡុងពេលត្រីមាសទីបី។
លោកបាននិយាយថា ប្រទេសកូរ៉េខាងត្បូងអាចក្លាយជាប្រទេសគំរូមួយក្នុងការចាក់វ៉ាក់សាំង ក៏ដូចជានៅពេលដែលខ្លួនអាចគ្រប់គ្រងបាននូវការរីករាលដាលនៃវីរុសនេះ៕(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល