រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ប្រគល់ថវិកាជាង១ម៉ឺនដុល្លារនិងជាង២លានរៀល ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការងារប្រយុទ្ធ នឹងទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រគល់ថវិកាជាង១ម៉ឺនដុល្លារនិងជាង២លានរៀល ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការជួយទ្រទ្រង់ជីវភាព របស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីប្រគល់និងទទួលថវិកា នៅព្រឹកថ្ងៃទី០៧ មិថុនា លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានឧបត្ថម្ភថវិកា ជាប្រាក់រៀលចំនួន ២,២៦៣,៤០០៛ (ពីរលានពីរសែនប្រាំមួយម៉ឺនបីពាន់បួនរយរៀល) និងប្រាក់ដុល្លារ ចំនួន ១០,៨៧៥$ (មួយម៉ឺនប្រាំបីរយចិតសិបប្រាំដុល្លារអាមេរិក) ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការ ជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ នឹងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។

លោកបន្តថា ការផ្តល់នូវជំនួយជាថវិកានេះ ពិតជាមានសារសំខាន់ និងស្ដែងឲ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតនិងមនោសញ្ចេតនា ប្រកបដោយក្តីអាណិត របស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ក្នុងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការរីករាល ដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាកងកម្លាំងគ្រប់ប្រភេទដែលកំពុងបំពេញការងារ យ៉ាងសស្រាក់សស្រាំក្នុងគោលដៅកាត់បន្ថយឲ្យបាន ជាអតិបរមា នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅរាជធានីភ្នំពេញ។

ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍លើកឡើងថា ថវិកាខាងលើនេះ មិនច្រើនទេ តែវាជាការចូលរួមចែករំលែករបស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ដើម្បីជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ នឹងទប់ស្កាត់ជំងឺ កូវីដ-១៩ ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រីជឿជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងទប់ស្កាត់បាននូវជំងឺកូវីដ-១៩បានជោគជ័យជាពុំខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង