អាជ្ញាធរខេត្តក្រចេះកំណត់ផែនការមួយចំនួនសម្រាប់អភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុងខេត្តដើម្បីទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ អាជ្ញាធរខេត្តក្រចេះបានកំណត់ផែនការមួយចំនួន សម្រាប់អភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើន ក្នុងគោលបំណងរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសធ្វើឱ្យមានកំណើនភ្ញៀវទេសចរកើនឡើងទ្វេដង ។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ផែនការអភិវឌ្ឍន៍ដែលដាក់ចេញដោយមន្ទីរទេសចរណ៍ខេត្តនេះ គឺសំដៅធ្វើឱ្យខេត្តក្រចេះក្លាយជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ វប្បធម៌ ព្រមទាំងជាខេត្តគំរូមានភាពទាក់ទាញជាងគេនៅក្នុងតំបន់ភូមិភាគឦសាន តាមរយៈការពង្រឹងគុណភាពផលិតផលទេសចរណ៍ឱ្យកាន់តែមានគុណភាព និងបង្កើតនូវព្រឹតិ្តការណ៍ទេសចរណ៍ប្លែកថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តក្រចេះ ឱ្យបានកាន់តែកើនទ្វេដង ។

លោកបានបន្តថា ផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ខេត្តក្រចេះរួមមាន៖ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗប្លែកៗប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់ទីផ្សារទេសចរណ៍ , កែលម្អរមណីយដ្ឋានទេសចរណ៍និងសហគមន៍ទេសចរណ៍ដែលមានស្រាប់ , លើកទឹកចិត្តចំពោះសហគមន៍ឬវិស័យឯកជន ក្នុងការវិនិយោគបង្កើតកន្លែងកម្សាន្តទាំងកែច្នៃនិងធម្មជាតិឱ្យបានច្រើនបន្ថែមទៀត ជាពិសេសជំរុញវិស័យទេសចរណ៍របស់ខេត្ត ឱ្យក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាព ក្នុងការអភិរក្សធនធានធម្មជាតិនិងធនធានវប្បធម៌មូលដ្ឋាន ជាគោលដៅទាក់ទាញល្អបំផុត ។

 “នេះគឺស្ថិតនៅក្នុងចំណុចនៃផែនការអភិវឌ្ឍន៍ទេសចរណ៍របស់យើង គឺយើងមានផែនការ ស្ដារនិងធ្វើឱ្យកាន់តែល្អប្រសើរនៅរមណីយដ្ឋានទេសចរណ៍ដែលមានស្រាប់ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានច្រើន ហើយខិតខំកសាងផលិតផលថ្មីៗ សេវាកម្មថ្មីៗបន្ថែមពីលើអ្វីដែលមានស្រាប់ ហើយយើងត្រូវជ្រើសរើសរកបង្កើតតំបន់ថ្មី ដែលអាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុកបាន ដោយសារតំបន់ទាំងអស់នេះមានសក្តានុពលល្អប្រសើរ “។

សូមបញ្ជាក់ថា តំបន់ទេសចរណ៍ក្នុងខេត្តក្រចេះមានរហូតដល់ទៅ១៩ទីតាំង ក្នុងនោះរួមមាន ៖ រមណីយដ្ឋានវត្តសសរ១០០ រមណីយដ្ឋានភ្នំសំបុក រមណីយដ្ឋានវត្តវិហារបុរាណរកាកណ្ដាល រមណីយដ្ឋានភ្នំសុពណ៌កាឡី រមណីយដ្ឋានប្រាសាទប្រាំ រមណីយដ្ឋានអន្លង់ផ្សោត រមណីយដ្ឋានទឹកជួរកាំពី រមណីយដ្ឋានភ្នំព្រះ រមណីយដ្ឋានតាព្រហ្ម សហគមន៍អេកូទេសចរណ៍កោះទ្រង់ សហគមន៍អេកូទេសចរណ៍ព្រែកជ្រៃមាំង សហគមន៍អេកូទេសចរណ៍កោះសាមសិប សហគមន៍អេកូទេសចរណ៍កោះផ្ដៅ សហគមន៍អេកូទេសចរណ៍កោះដំបង សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយជាដើម ។ បច្ចុប្បន្នមន្ទីរទេសចរណ៍ខេត្តក្រចេះ គ្រោងនឹងបង្កើតតំបន់ទេសចរណ៍ថ្មីចំនួន២បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង