ប្រទេសកូរ៉េខាងជើង ប្រឈមនឹងកង្វះស្បៀងអាហារ ១,៣៥លានតោន
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកគិតនៅក្នុងប្រទេសបាននិយាយថា ប្រទេសកូរ៉េខាងជើងរំពឹងថានឹងប្រឈមមុខនឹងកង្វះខាតស្បៀងអាហារប្រហែល ១,៣៥លានតោននៅក្នុងឆ្នាំនេះ ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងកាលពីរដូវក្តៅ ទឹកជំនន់ និងកង្វះខាតសម្ភារៈកសិកម្ម ចំពេលដែលមានជំងឺរាតត្បាតជាសកល។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានអភិវឌ្ឍកូរ៉េបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងត្រូវបានគេសន្មតថា បានផលិតធញ្ញជាតិប្រហែល ៤,៤លានតោនកាលពីឆ្នាំមុន គឺធ្លាក់ចុះប្រហែល ២៤០ ០០០តោន បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ជាមួយនឹងការរាយការណ៍ដូចនេះ កូរ៉េខាងជើងត្រូវបានគេគិតថាត្រូវការអាហារយ៉ាងហោចណាស់ ៥,៧៥លានតោនក្នុងមួយឆ្នាំដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួន ដោយការប៉ាន់ស្មានផលិតកម្មកាលពីឆ្នាំមុនត្រូវបានកត់សម្គាល់ថានឹងមានការខ្វះខាត ១,៣៥លានតោន។
របាយការណ៍នេះបាននិយាយថា កង្វះខាតដែលបានប៉ាន់ស្មានគឺហួសពីសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការបំពេញវា។
របាយការណ៍នេះបាននិយាយបន្ថែមថា វាចាំបាច់ណាស់សម្រាប់ទីក្រុងព្យុងយ៉ាងដើម្បីធ្វើពាណិជ្ជកម្មស្បៀងអាហារឡើងវិញ ឬស្នើសុំជំនួយស្បៀងអាហារពីប្រទេសចិនដើម្បីបំពេញនូវកង្វះខាតនេះ។
ប្រទេសកូរ៉េខាងជើងត្រូវបានគេដឹងថាមានកង្វះខាតស្បៀងអាហាររ៉ាំរ៉ៃ ហើយបញ្ហានេះហាក់ដូចជាកាន់តែធ្ងន់ធ្ងរឡើងៗដោយសារព្យុះទីហ្វុង និងការបង្ករឱ្យមានទឹកជំនន់កាលពីរដូវក្តៅមុន ដែលបានធ្វើឱ្យអន្តរាយដល់តំបន់កសិកម្មសំខាន់ៗរបស់ប្រទេសនេះ។
ហេតុផលដែលត្រូវបានលើកឡើងដែលជាមូលហេតុដ៏សំខាន់មួយសម្រាប់កង្វះស្បៀងអាហារដែលកំពុងធ្លាក់ចុះផងដែរនោះ គឺកង្វះខាតសម្ភារៈកសិកម្មដែលបណ្តាលមកពីការត្រួតពិនិត្យតាមព្រំដែនដ៏តឹងរឹងរបស់កូរ៉េខាងជើងនៅចំពោះមុខនៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩៕ សម្រួលផ្សាយ៖ កន ចំណាន, (ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)