ឧបនាយករដ្ឋមន្រ្តីចិន និងរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ប្រទេសចិន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នារក្សាការប្រាស្រ័យទាក់ទងស្តីពីទំនាក់ទំនងសេដ្ឋកិច្ច នៅពេលដែលមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបានធ្វើកិច្ចពិភាក្សាតាមសន្និសីទវីដេអូកាលពីព្រឹកថ្ងៃពុធ។
នៅក្នុងការសន្ទនាគ្នារវាងឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ដែលជាប្រមុខនៃភាគីចិនសម្រាប់កិច្ចសន្ទនាសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងចិន – សហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក លោកស្រី Janet Yellen ពួកគេបានលើកឡើងអំពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងសហរដ្ឋអាមេរិក។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងនេះបានឱ្យដឹងថា «ដោយស្មារតីសមភាព និងការជឿទុកចិត្តគ្នា ពួកគេបានធ្វើការផ្លាស់ប្តូរគ្នាយ៉ាងទូលំទូលាយអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដោយផ្លាស់ប្តូរទស្សនៈគ្នាដោយត្រង់ៗទៅលើបញ្ហាដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក និងបង្ហាញអំពីឆន្ទៈចំពោះការរក្សាការប្រាស្រ័យទាក់ទង»។
កិច្ចពិភាក្សានេះបានធ្វើឡើងមិនដល់មួយសប្តាហ៍ផងបន្ទាប់ពីលោក Liu បានសន្ទនាតាមទូរស័ព្ទជាមួយអ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោកស្រី Katherine Tai កាលពីថ្ងៃទី ២៧ ខែឧសភាកន្លងមក៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល