ប្រទេសឡាវជំរុញការត្រួតពិនិត្យមើលអ្នកដំណើរដែលមកដល់ប្រទេស
បន្ទាប់ពីករណីថ្មីៗនៃការឆ្លងជំងឺកូវីដ-១៩ ត្រូវបានរកឃើញក្នុងចំណោមមនុស្សដែលបានមកពីបណ្តាប្រទេសផ្សេងចូលទៅក្នុងប្រទេសឡាវ បច្ចុប្បន្នេះប្រទេសឡាវបានជំរុញការត្រួតពិនិត្យមើលអ្នកដំណើរមកដល់ថ្មីចូលក្នុងប្រទេសនេះ រួមទាំងអ្នកឯកទេស និងជនបរទេសដែលមានការងារក្នុងគម្រោងអភិវឌ្ឍនានាផងដែរ គឺដើម្បីធានាថាក្រុមនេះត្រូវបានគេធ្វើតេស្តរកជំងឺកូវីដ-១៩ រួចរាល់ និងឆ្លងកាត់ការធ្វើចត្តាឡីស័ក។
សារព័ត៌មានប្រចាំថ្ងៃក្នុងស្រុក Vientiane Times កាលពីថ្ងៃទី ២ ខែមិថុនា បានដកស្រង់សម្តីអគ្គនាយករងនៃនាយកដ្ឋានប៉ូលីសអន្តោប្រវេសន៍នៃក្រសួងសន្តិសុខសាធារណៈដែលបាននិយាយថា នាយកដ្ឋានកំពុងធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៅលើរាល់ការចេញចូលក្នុងប្រទេសទាំងតាមច្រកព្រំដែនដីគោក និងអាកាសយានដ្ឋាន។
ជនជាតិឡាវទាំងអស់ដែលមានបំណងវិលត្រឡប់មកកាន់ប្រទេសវិញគួរតែចូលតាមច្រកព្រំដែនផ្លូវការដោយមានអាជ្ញាធរមូលដ្ឋាន និងទាហានណែនាំឱ្យចូលរួមក្នុងការល្បាតតាមព្រំដែនដើម្បីការពារកុំឱ្យប្រជាជនចូលប្រទេសឡាវដោយខុសច្បាប់។
គិតត្រឹមថ្ងៃទី ១ ខែមិថុនា ប្រទេសឡាវបានបញ្ជាក់ករណីជំងឺកូវីដ-១៩ ចំនួន ១ ៩២៩នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៣នាក់៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល