ចំនួន២ភូមិ នៅក្នុងខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ នៅតែរក្សា «តំបន់លឿងទុំ» ដដែល

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានសម្រេចរក្សាតំបន់លឿងដដែល ប៉ុន្តែភូមិចំនួន២ នៅក្នុងខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ ជា «តំបន់លឿងទុំ» សម្រាប់មួយសប្តាហ៍ទៀតនេះ ពោលគឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ពីតំបន់មួយទៅតំបន់មួយទៀត។

នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង (Video Conference) ជាមួយអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ លោក និងលោកស្រី ជាអភិបាលខណ្ឌទាំង១៤ បានឡើងរាយការណ៍ពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់ខណ្ឌ និងបានស្នើសុំឱ្យមូលដ្ឋានខណ្ឌរបស់ខ្លួនរក្សា នៅជាតំបន់លឿងដដែល លើកលែងតែ២ភូមិប៉ុណ្ណោះ សុំរក្សានៅជាតំបន់លឿង ទុំ នោះគឺនៅសហគមន៍ A B ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែភូមិទាំង២នេះ កំពុងប្រឈមនៅហានិភ័យខ្ពស់នៅឡើយ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ពង្រឹងការងារឲ្យបានម៉ត់ចត់បំផុត លើការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩។ ចំពោះតំបន់លឿងទុំ២ភូមិខាងលើ ត្រូវតែម៉ឹងម៉ាត់ ដើម្បីកាត់ផ្តាច់កូវីដ១៩ ទៅតំបន់ផ្សេងទៀត។

ឯកឧត្តមបន្តថា ចំពោះតំបន់លឿងដែលបើកឱ្យដំណើរការជាប្រក្រតីភាពឡើងវិញនោះ ក៏ត្រូវតែម៉ឹងម៉ាត់ដែរ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ មានទីតាំងខ្លះមានលួចបើការ៉ាអូខេ ម៉ាស្សា ល្បែងស៊ីសងហើយ ពិសេសខណ្ឌនៅជាយក្រុង ដូច្នេះសូមលោក និងលោកស្រីជាអភិបាលខណ្ឌ ត្រូវចុះបង្ក្រាបឱ្យខាងតែបាន ព្រោះមានហានិភ័យខ្ពស់ណាស់នៃការឆ្លងរីករាលដាលជំងឺកូវី-១៩។ ម្ចាស់ទីតាំងនឹងប្រឈមមុខ បញ្ជូនទៅតុលាការអនុវត្តទោសទៅតាមច្បាប់ បើការលួចលាក់បើកទីតាំងទាំងនោះ បានឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម ឃួង ស្រេង បានថ្លែងទៀតថា «ក្នុងរយៈពេលជាង ៣ខែនេះ យើងហត់នឿយណាស់ហើយ ក្នុងកិច្ចការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩ ដូច្នេះយើងត្រូវតែរួមគ្នា កុំឲ្យស្ថានភាពនោះវិលមកជាថ្មីឡើងវិញ»៕

 

អត្ថបទដែលជាប់ទាក់ទង